ព័ត៌មានជាតិ

លោក សយ សុភាព សរសើរលោក សេង សារីដែលវិភាគ ឈរលើគោលការណ៍វិទ្យាសាស្ត្រពិត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការកោត សរសើរចំពោះលោក សេង សារី អ្នកស្រាវជ្រាវសង្គម ក្នុងការវិភាគដោយ ឈរលើគោលការណ៍ វិទ្យាសាស្ត្រពិត។

ការកោតសរសើរលោក សេ សារី ពីសំណាក់លោក សយ សុភាព បែបនេះ បន្ទាប់ពីលោក សេង សារី បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន ដោយលើកឡើងពីសម្តេចតា អតីតព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោថា កាលពីជាង៣០ឆ្នាំមុន(២៣ តុលា ១៩៩១) វីរៈជន២រូបនេះ បានបង្កើតនូវប្រវត្តិសាស្រ្ត មួយ ដែលឈានទៅដល់ការ បញ្ចប់ជម្លោះនយោ បាយនៅកម្ពុជា ។ តាំងពីពេលនោះមក កម្ពុជាឈានជំហានលើផ្លូវ សន្តិភាព បាន៣០ឆ្នាំហើយ ទោះបីមិនអាចធ្វើឲ្យពលរដ្ឋ និងអន្តរជាតិពេញចិត្តទាំងអស់ ក៏ដោយ ក៏កម្ពុជា បានកសាងសន្តិភាពមួយ ដែលគ្មានសង្រ្គាម និងគ្មានជម្លោះ ប្រដាប់អាវុធ។

លោកថា អ្វីដែលវីរៈជននយោបាយបច្ចុប្បន្ន និងអ្នកនយោបាយបន្តវេន ត្រូវកសាងបន្តទៀត គឺការកសាងសន្តិភាពមួយ ដែលមានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ មានយុត្តិធម៌សង្គម មានសមភាព ផ្នែកខាងសេដ្ឋកិច្ច និងបន្តដំណើរ លើវិថីប្រជាធិបតេយ្យ ដ៏ពេញលេញមួយ។

លោកបន្តថា “បើប្រវត្តិសាស្រ្តលើកទី២ នេះ កើតឡើងមែន អ្នកប្រវត្តិសាស្រ្ត នឹងកត់ត្រាដោយក្តីរីករាយ ចំពោះវីរៈជន ៣រូប គឺអតីតព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហនុ សម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្សី ហើយអ្វីដែលពិសេសនោះ គឺ សម្តេច ហ៊ុន សែន តែម្នាក់ឯងគត់ ដែលបានកសាងប្រវត្តិសាស្រ្ត ក្នុងការដោះស្រាយ ជម្លោះ​នយោបាយ នៅកម្ពុជា រហូតដល់ទៅ ២ដង ក្នុងរយៈពេលមិនដល់ ៤ទសវត្សរ៍ផង” ៕

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២១ តុលានេះ លោក សយ សុភាព​ បានសរសេរយ៉ាងដូច្នេះថា «សុំកោតសរសើរ លោកបណ្ឌិត សេង សារី ដែលការវិភាគរបស់លោកបណ្ឌិត ឈរលើគោលការណ៍​វិទ្យាសាស្ត្រពិត»។

លោក បន្តថា «ប៉ុន្តែការវិភាគរបស់លោកធ្វើ ឱ្យអ្នកវិភាគឆ្វេងនិយមជ្រុល និងបក្សនយោបាយខ្លះ នឹងចោទប្រកាន់លោកថា លំអៀងមករដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។ លោកបណ្ឌិតគឺជាបញ្ញវ័ន្ត ដែលខ្ញុំស្តាប់ការវិភាគ ស្ទើរគ្រប់វិទ្យុ ដែល ឧបត្ថម្ភថវិកា ពីក្រោយ ដោយ សហរដ្ឋអាមេរិក»។

លោក សយ សុភាព សង្ឃឹមថា ក្រោយបញ្ចប់ការ សិក្សាស្រាវជ្រាវនៅប្រទេសថៃ លោកបណ្ឌិត សេង សារី នឹងវិលចូលស្រុកដើម្បី ចែករំលែកចំណេះដឹង ជូនកូនខ្មែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×