ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានណែនាំមន្ដ្រីរបស់ខ្លួន ត្រូវបន្តពង្រឹងសមត្ថភាពប្រឹងប្រែង បំពេញការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសជាតិ មានការរីកចម្រើនបន្ថែមទៀត ផងដែរ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពី ការតែងតាំងសមាជិក សមាជិកាថ្មី និងការដំឡើងឋានៈ ជូនសមាជិក សមាជិកា នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអនុក្រឹត្យ ស្ដីពីការតែងតាំងមន្ត្រីរាជការ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា សមជិក សមជិកា ដែលបានតែងតាំង និងតំឡើងឋានៈ សុទ្ធតែជាធនធាន ដែលមានសមត្ថភាព និងសកម្មការងារ គួរជាទីកត់សម្គាល់។
លោក បានបញ្ជាក់ថា «សូមផ្តាំផ្ញើ និងណែនាំ ដល់សមាជិក សមាជិកាថ្មី ក៏ដូចជាមន្ត្រីរាជការទាំងអស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាព ប្រឹងប្រែងបំពេញការងារ បំរើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំង បន្តរក្សាប្រពៃណីសាមគ្គីគ្នា ដែលធ្វើឲ្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ទទួលបាននូវសមិទ្ធផលថ្មីៗ គួរជាទីមោទនៈ»៕