ព័ត៌មានជាតិ

បទវិភាគ៖ អាមេរិក បង្ហាញសាច់ដុំ កម្លាំងយោធា ក្នុងគោលបំណង ធ្វើអនុត្តរភាព

នាពេលថ្មីៗ កន្លងទៅនេះមន្រ្តីជាន់ខ្ពស់ អាមេរិកមួយចំនួន បានឃោសនាបំប៉ោងម្តងទៀត នូវអ្វីដែលហៅថា “ការគំរាមកំហែង របស់ប្រទេសចិន” ឧទាហរណ៍ដូចជា លោក Lloyd J. Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានរិះគន់ថា ប្រទេសចិនអភិវឌ្ឍសមត្ថភាពយោធា និងប្រព័ន្ធអាវុធដ៏ជឿនលឿន នឹង “ធ្វើឱ្យស្ថានភាព ក្នុងតំបន់កាន់តែ មានភាពតានតឹង” ។

ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការកាត់បន្ថយ សព្វអាវុធ របស់អាមេរិក បានមួលបង្កាច់ថា ចិននិងរុស្ស៊ី បានបណ្តាលឱ្យកើតមាន “ការប្រកួតប្រជែង ខាងសព្វាវុធមានភាពកាន់តែខ្លាំងឡើង” ជាដើម ។ ប្រទេសមហាអំណាចមួយ ដែលតែងតែបង្ហាញសាច់ដុំ កម្លាំងយោធារបស់ខ្លួន នៅគ្រប់ទីកន្លែង ប៉ុនប៉ងទម្លាក់កំហុសរបស់ខ្លួន ទៅលើប្រទេសដទៃទៀត ពោលគឺ បំភ្លៃការពិតទាំងស្រុងដូច ចោរស្រែក ចាប់ចោរ សុទ្ធសាធ ។

មជ្ឈដ្ឋានខាងក្រៅ បានចាប់អារម្មណ៍ថា សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចកី្តព្រាងច្បាប់ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិ អំណាចការពារជាតិឆ្នាំ២០២២ នៅមួយខែមុនដែលនឹង ផ្តល់ថវិកាប្រមាណ ៧៧០ពាន់លាន ដុល្លារអាមេរិក ដល់អគារបញ្ចកោណសម្រាប់ឆ្នាំ សារពើពន្ធ២០២២ ។ តួលេខនេះបានកើនជាងចំនួន ២៥ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹង ថវិកាដែលលើកឡើង ដោយសេតវិមាន ។ ក្នុងនោះមានថវិកាចំនួន ២៨ពាន់លានដុល្លារអាមេរិក គឺដើម្បីអភិវឌ្ឍកម្មវិធីអាវុធនុយគ្លេអ៊ែរ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើបែបនេះធ្វើឱ្យពិភពលោក កាន់តែមានភាពងឿងឆ្ងល់ ។

ដើម្បីឱ្យដើរស្របគ្នាជាមួយ ទង្វើទាំងនេះ អាមេរិកបានប្រើប្រាស់មធ្យោបាយយោធាថ្មី គ្រប់បែបយ៉ាង ។ ប្រការដែលញ៉ាំងឱ្យ អ្នកផងទាំងពួង ចាប់អារម្មណ៍ជាងគេ គឺអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសថា នឹងបង្កើតទំនាក់ទំនងភាពជាដៃគូ ផែ្នកសន្តិសុខត្រីភាគី ព្រមទាំងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីចែករំលែកបច្ចេកវិទ្យា និងផលិតនាវាមុជទឹកនុយគ្លេអ៊ែរ ។ ពីអាស៊ីឦសាន ដល់អាស៊ីអាគ្នេយ៍ ប្រទេសស្ទើរតែទាំងអស់ សុទ្ធតែមានការព្រួយបារម្ភ ខាងសន្តិសុខដោយសារ សម្ព័ន្ធភាពបែបនេះ ។

លោក Rafael Mariano Grossi អគ្គនាយកអង្គការ ថាមពលបរមាណូអន្តរជាតិ បានលើកឡើង នៅថ្ងៃទី១៩ ខែតុលាថា បានចាត់បញ្ជូន ក្រុមពិសេសមួយ ដើម្បីធ្វើការពិនិត្យអង្កេត ពីផលប៉ះពាល់ខាងសុវត្ថិភាព និងផ្នែកច្បាប់ដែលបណ្តាល មកពី កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយគ្លេអ៊ែរ រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ។

នាពេលថ្មីៗកន្លងទៅនេះ នាវាប្រដេញបំពាក់ គ្រាប់មីស៊ីលរបស់អាមេរិកសញ្ញា “Dewey” និងនាវាអមដំណើរសញ្ញា “Winnipeg” របស់កាណាដា បានធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។ នេះជាលើកទីមួយហើយ ដែលកងទ័ពអាមេរិករួមជាមួយ នាវាចម្បាំង របស់ប្រទេសដទៃទៀត ធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សកម្មភាពដ៏អាក្រក់បែបនេះ នឹងបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ។

បើប្រៀបធៀប នឹងអាមេរិក កិច្ចកសាង និងការអភិវឌ្ឍនៃកិច្ចការការពារជាតិ និងកងទ័ពរបស់ប្រទេសចិន គឺដើម្បីបំពេញតម្រូវការ នៃកិច្ចការការពារ អធិបតេយ្យភាពជាតិ សន្តិសុខ ផលប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិ សុទ្ធសាធមិនដៅ ចំពោះប្រទេសណាមួយទេ ហើយក៏មិនបានបង្កបង្កើត ការគំរាមកំហែងចំពោះ ប្រទេសណាមួយនោះឡើយ ។ ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសចិន គឺសមស្របនឹងកម្រិត អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ដែលរក្សា បាននូវកំណើនប្រកបដោយ ស្ថិរភាព និងសមរម្យ ។

នាពេលមុននេះ មិនជាយូរប៉ុន្មាន ប្រទេសចិនបានលើកឡើង នូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍសកល ហើយបានស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសកម្មភាពជាក់ស្តែងទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជានិច្ចកាលប្រទេសចិន ជាស្ថាបនិក នៃសន្តិភាពរបស់សកលលោក ជាអ្នករួមវិភាគទាន នៃការអភិវឌ្ឍរបស់ពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់ និងរបៀបរៀបរយ អន្តរជាតិជាប់រហូត ៕

ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន CCFR

To Top