ព័ត៌មានជាតិ

លោក គិន ភា ៖ ល្មមដល់ពេលខ្មែរ ចេះដោះស្រាយបញ្ហាជាតិ ដោយខ្លួនឯង និងឈប់ពឹង បរទេសទៀតហើយ

ភ្នំពេញ៖ បន្ទាប់ពីមានមតិ វែកញែកជាច្រើន ជុំវិញខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២០២១ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ល្មមដល់ពេលខ្មែរ ចេះដោះស្រាយបញ្ហាជាតិ ដោយខ្លួនឯង និងឈប់ពឹងឥទ្ធិពល បរទេសទៀតហើយ ។

ថ្លែងក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក គិន ភា បានមានប្រសាសន៍ថា «វាល្មមដល់ពេល ដែលយើងត្រូវចេះ ធ្វើការក្នុងគ្រួសារខ្មែរ ល្មមឈប់ហៅបរទេស មកដឹកដៃទៀតហើយ យើងគួរតែមានយុទ្ធសាស្រ្ត និងទស្សនវិជ្ជាជាតិ សម្រាប់ដោះស្រាយបញ្ហាជាតិ ដោយខ្លួនឯង មិនគួរពឹងឥទ្ធិពលបរទេស ណាទៀតនោះទេ»។

លោកបន្តថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅតែមានតម្លៃជាស្មារតី ជាមរតកប្រវត្តិសាស្រ្តនយោបាយ ដ៏សំខាន់សម្រាប់កម្ពជា ក៏ប៉ុន្តែមិនអាចប្រើវា ជាឧបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជាឡើយ ៕

To Top