ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធការទន្ទ្រាន កាន់កាប់ដីរដ្ឋ ខុសច្បាប់ នៅស្រុកព្រៃនប់,ខេត្តព្រះសីហនុ!!

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ ជាប់ពាក់ព័ន្ធនឹង ការទន្រ្ទានកាន់កាប់ដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ របស់ខ្លួន នៅក្នុងស្រុកព្រៃនប់, ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យទាំង៦នាក់ ខាងលើនេះ ត្រូវបានឃាត់បន្ទាប់ពីពួកគេបានបំផុស និង គៀងគរ អោយមហាជន មួយក្រុមធំ នាំគ្នាទន្ទ្រានកាន់កាប់ និង កាប់ឆ្ការដីព្រៃ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រព្រឹត្តនៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១។

សមត្ថកិច្ចបាននិយាយថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ, កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់មនុស្សចំនួន៥៨នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់រានដីព្រៃ ។

ក៏ប៉ុន្តែ បន្ទាប់ពីការសាកសួរ ចម្លើយ និងការស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាលជំនាញ, សមត្ថកិច្ចនគរបាល បានសម្រេច ខ្លួនបុរសសង្ស័យ ចំនួន៦នាក់ ខាងលើដែលជាមេខ្លោង និង បានបញ្ជួនខ្លួនពួកគេ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរចម្លើយ ។

ចំណែកឯអ្នកពាក់ព័ន្ធដទៃផ្សេងទៀ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញ បន្ទាប់ពីធ្វើការសាកសួរ និង ធ្វើកិច្ចសន្យា ដោយមានការធានារ៉ាប់រង អំពីពីលោក មេឃុំ និង ចៅសង្កាត់របស់ពួកគេ ដែលរស់នៅតំបន់នោះ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៦នាក់ កំពុងតែត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី រៀបចំឯកសារ បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ រស្មី អាកាស

To Top