ព័ត៌មានជាតិ

លោក ឃួង ស្រេង ស្នើក្រសួងធនធានទឹក បង្វែរមុខទឹកចេញពីភ្នំពេញ ព្រោះបើទឹកជន់លិចធ្វើឲ្យ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ (Video)

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានស្នើដល់ក្រសួងធនទឹក និងឧតុនិយម បង្វែរមុខទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ព្រោះបើមានការជន់លិច រាជធានីភ្នំពេញមែន នឹងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ ។

ការលើកឡើងរបស់លោកនេះ នាឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិខលង់លំនៅដ្ឋានប្រជាពលរដ្ឋ ។ ទឹកស្ទឹងព្រែត្នោត បានហក់ឡើងខ្លាំង ដល់កម្រិតប្រុងប្រយ័ត្នខ្ពស់ ស្របពេលមានការបើកទ្វារទឹក ពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់ចំនួន៥ ក្នុងមូលដ្ឋានខណ្ឌដង្កោ ។

ក្រោយចុះពិនិត្យឃើញ ស្ថានភាពបែបនេះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើសុំទៅដល់ក្រសួងធនទឹក ឲ្យបង្វែរមុខទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា “យើងមិនបានគេចវេសពីបញ្ហានោះទេ ប៉ុន្តែបើគិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមខេត្តពាក់ព័ន្ធ។ អីចឹងហើយស្នើសុំ ទៅអាជ្ញាធរខេត្តកំពង់ស្ពឺសូមឲ្យមានការយល់” ។

ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ រាជធានីភ្នំពេញ សហការធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធ របស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ ឲ្យបាននូវគ្រោះមហន្តរាយនេះ ។

លោក ឃួង ស្រេង ក៏បានឲ្យដឹងដែរថា កន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌសង្កាត់ និងមន្ទីរពាក់ព័ន្ធ បានធ្វើកិច្ចការងារនេះយ៉ាងសកម្ម ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់ លំនៅដ្ឋានពលរដ្ឋ។ បន្ថែមពីលើនេះទៀត លោកក៏បានស្នើសុំទៅកម្លាំង កងអង្គរក្សនូវកម្លាំងប្រមាណ ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានផ្តល់អេស្កាវ៉ាទ័រ ចំនួន១៥គ្រឿង ដាក់លើទីតាំងនេះ ដើម្បីធ្វើទំនប់ទប់ស្កាត់ការលិចលង់ ។

លោកបន្តថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹង តាមតំបន់ភ្នំ វាពិតជាមិនងាយស្រួល គ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦-២៧ តុលា។ ចំណែកអាជ្ញាធរ គឺនៅជាប់ជានិច្ចជាមួយពលរដ្ឋ ។ បានន័យថា មានហានិភ័យអ្វី គឺអាចជួយបានភ្លាមៗ ៕

To Top