ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃ២៧ ដល់២៨តុលា ខេត្តមួយចំនួនកម្ពុជា នឹងមានជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២៧ដល់២៨ តុលា ឆ្នាំ២០២១ ខេត្តមួយចំនួនរបស់កម្ពុជា នឹងមានធ្លាក់លាយឡំ ជាខ្យល់កន្ត្រាក់នឹង មានជំនន់ទឹកភ្លៀងផងដែរ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួង ធនធានទឹក នៅថ្ងៃទី២៥តុលាបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាព អាកាសធាតុរួចមក បាន បង្ហាញឲ្យឃើញថា មានសម្ពាធទាបសកម្មមួយ បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ តាមការព្យាករ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅ ជាវិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូល ដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពល មកជាសម្ពាធទាប នៅពេល ដើរចូលមកដល់លើភាគខាងត្បូង ប្រទេសកម្ពុជា ។

ក្រសួងថាយោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

នៅតំបន់វាលទំនាបមាន ផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនបង្គួរ នឹងអាចបង្កជា ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ។

ចំណែកតំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មាន ផ្ទៃមេឃមានពពកច្រើនដេរដាស នឹង អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ត្បូង ឃ្មុំ និងខេត្តកំពង់ចាម ។
ដោយឡែកតំបន់មាត់សមុទ្រមាន ផ្ទៃមេឃមានពពកច្រើន ដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ ជាមួយខ្យល់កន្ត្រាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ ។

ក្រសួងក៏បាន លើកឡើងថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន នឹងសូមបង្កើនការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និង កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមាន ការប្រែប្រួល ៕ សំណាង

To Top
×