ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ ត្រូវរិះរកបច្ចេកទេសល្អៗ សាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឲ្យកាន់តែមាន គុណភាពខ្ពស់ (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវរិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀបរាប ឲ្យកាន់តែមាន គុណភាពខ្ពស់ ផងដែរ។

ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោង សាងសង់ហេដ្ឋារ ចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធ ទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាព ខ្ពស់ ហើយក្នុងករណី ការសាងសង់កន្លងមកមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យ ត្រូវតាមបទដ្ឋាន បច្ចេកទេសឡើងវិញ»។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន បច្ចេកទេស នៃក្រសួងសាធារណការ បានឲ្យដឹងថា វឌ្ឍនភាពគម្រោង សាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោង បញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះដែរ បញ្ហា ប្រឈម នៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងអំឡុងសាងសង់ ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប មិនបានធ្វើឲ្យប៉ះពាល់ ដល់ដំណើរ ការអង្គភាពសាងសង់ឡើយ ដោយហេតុថា គ្រប់អង្គភាព ទាំងអស់ បានខិតខំប្រឹងប្រែង បំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនា ឲ្យសម្រេចតាមផែនការ ដែលបានគ្រោងទុក ។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែង សរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារ ក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារ ចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែ ផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោង នឹងបញ្ចប់ ចុងឆ្នាំ២០២១ ត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕

To Top