ព័ត៌មានជាតិ

មេដឹកនាំអាស៊ាន ឯកភាពចេញសេចក្តីថ្លែងការណ៍ ស្តីពីការលើកកម្ពស់ពហុភាគីនិយម ៩ចំណុច (Video)

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៦ តុលា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច រួមមាន ៖

ទី១-រំលឹកឡើវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។

ទី២-បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ទី៣-ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល។

ទី៤-បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គុទេសសំរាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។

ទី៥-រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។

ទី៦-លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាសធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។

ទី៧-ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាន នូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាកសាំងកូវីដ-១៩ ជាទំនិញសាធារណ:សកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ។

ទី៨-លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥។

និងទី៩-ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បនថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

To Top
×