ព័ត៌មានជាតិ

កម្ពុជា គាំទ្រGGGI កៀរគរធនធាន សម្រាប់ការសិក្សាលទ្ធភាព កែច្នៃសំណល់រឹងនៅកម្ពុជា ទៅជាថាមពល ឥន្ទនៈចំហេះ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាគាំទ្រវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ពីសំរាម (RDF) នៅកម្ពុជា។នេះបយោងតាមគេហទំព័រហ្វេសប៊ុក របស់​ក្រសួងបរិស្ថាន។

ក្នុងជំនួបទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងរវាង ក្រសួងបរិស្ថាន និងGGGI លើកិច្ចសហការកន្លងមក ដែលកម្ពុជាបានទទួលផលប្រយោជន៍លើកិច្ចសហការនេះ និងបន្តកិច្ចសហការជាមួយ GGGI នៅពេលខាងមុខ។

លោក បានបញ្ជាក់ថា វឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យបរិស្ថាន ដូចជា ការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំណងល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាតនិងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល និងការតាំងចិត្តរបស់កម្ពុជា ក្នុងការធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពបៃតងជាងមុន បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះដែរ ក៏បានទទួលលទ្ធផលសំខាន់ៗ ដូចជា ៖
១-ភាគីកម្ពុជាស្នើសុំឲ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡការដុតសំណល់ជាដើម។

ផ្ទាំងពាណិជ្ជកម្ម

២-កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា។

៣-ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងអោយកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។

៤-កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូនសម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពលដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប៕

To Top