ព័ត៌មានជាតិ

អាមរិក ប្រកាសផ្ដល់ថវិកាជាង១០០ លានដុល្លារ ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន

ភ្នំពេញ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោកចូ បៃដិន បានប្រកាសផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា ដើម្បីគាំទ្រក្នុង កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ានបន្តទៀត។នេះបើយោងតាមហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នាថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ ប្រមុខថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់ អំពីការរីកចម្រើន នូវសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្រ រវាងអាស៊ាននិងសហរដ្ឋអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការ ជាច្រើនវិស័យ ដូចជាទី១ ពាក់ព័ន្ធទៅនឹងកូវីដ១៩ ដែលសហរដ្ឋអាមេរិក បានផ្ដល់ការគាំទ្រ ជាច្រើនរួមទាំងមានការជួយ សមាជិកអាស៊ាន នីមួយៗផងដែរ។

លើសពីនេះទៀត ប្រមុខថ្នាក់ដឹកនាំ អាស៊ាន បានវាយតម្លៃខ្ពស់ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ ក្នុងនោះប្រមុខថ្នាក់ដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់អំពីការជម្រុញការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ។

ក្នុងឱកាសនោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា អាមេរិកនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា ដើម្បីគាំទ្រក្នុង កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ានបន្តទៀត ក្នុងនោះអាមេរិក នឹងបន្តតួនាទីស្នូល របស់អាស៊ាន នៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកនិងអាស៊ាន ក៏បានជំរុញនូវ កិច្ចសហប្រតិបត្តិការ ទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យ អាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយអាស៊ាន និងសហរដ្ឋអាមេរិក នឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានលើកអំពីអ្វី ដែលអាមេរិក មានជាមួយនឹងអាស៊ាននេះ គឺជាទំនាក់ទំនងរឹងមាំ ជាពិសេស សហរដ្ឋអាមេរិក ប្ដេជ្ញាខ្ពស់បន្តការគាំទ្រ ដល់អាស៊ាន នឹងបន្តកិច្ចសហប្រតិបត្តិការ ទៅលើវិស័យជាច្រើន។

ជាមួយគ្នានេះលោកប្រធានាធិបតី សហរដ្ឋអាមេរិក ក៏បានប្រកាសជាគោលដៅ សហរដ្ឋអាមេរិក នឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១ពាន់លានដូស នាពេលខាងមុខ។

លោក ចូ បៃដិន ក៏បានលើកឡើងអំពីតួនាទី របស់អាស៊ានក្នុងការសម្របសម្រួល ជាពិសេសទៅលើកិច្ចសហការសន្តិសុខ។

សូមជម្រាបថា នេះជាលើកដំបូង ហើយដែលប្រធានាធិបតី ចូ បៃដិន បានចូលរួមកិច្ចប្រជុំអាស៊ាន សហរដ្ឋអាមេរិកលើកទី៩នេះ ហើយមេដឹកនាំអាស៊ាន ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋមេរិក ៕

To Top