ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនចូលរួមជាមួយដៃគូ សិក្សាស្រាវជ្រាវប្រភពថាមពល មានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រៀមខ្លួនជាស្រេចចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

លោកបន្ដថា ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ។

លោកបញ្ជាក់ថា «បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភពថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»។

នាឱកាសនោះ លោកស្រី ឯកអគ្គរាជទូត ក៏បានចូលរួមអបអរសាទរខួប លើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ដែលជាមូលដ្ឋានដ៏សំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕

To Top