ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជំនុំជម្រះបណ្តឹង ឧទ្ទរណ៍ ជនជាប់ចោទ សួង នាគព័ន្ធ ពាក់ព័ន្ធបទល្មើស « ញុះញង់អោយប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍» (Video)

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ កំបាំងមុខលើបណ្តឹងឧទ្ទរណ៍របស់ជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ ពាក់ព័ន្ធនឹងការញុះញង់ និង អំពើអុចអាល មហាជន អោយមានការយល់ច្រឡំខុស ឬ ប្រឆាំងនឹង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទៅ លើលោកបណ្ឌិត កែម ឡី ប្រព្រឹត្តកាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកសេង ស៊ីវុត្ថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ សួង នាគព័ន្ធ ( នៅក្រៅឃុំ, រត់គេចខ្លួន) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ខែ ធ្នូ ឆ្នាំ ២០១៩ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ពីបទ«« ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញាតិមាត្រា៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានបន្ថែមថា ក៏ប៉ុន្តែជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ តាមរយៈមេធាវីការពារក្តីរបស់ខ្លួន និង ស្នើសុំទម្លាក់បទចោទប្រកាន់របស់ខ្លួន។

យោងតាមឯកសារតុលាការ,ជនជាប់ចោទសួង នាគព័ន្ធ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ក៏ប៉ុន្តែ ក្រោយមក ត្រូវបានដោះលែង អោយស្ថិតនៅក្រៅឃុំ ជាបណ្តោះ បន្ទាប់ពីគាត់ត្រូវជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស (ម១) អស់់ជាច្រើនខែនោះមក។

នាពេលសវនាការ លោកមេធាវីសំ សុគង់ ជាមេធាវីការក្តីអោយជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធបានថ្លែងនៅក្នង អង្គសវនាការថា មូលហេតុ ដែលកូនក្តីប្តឹងជំទាស់នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញនោះ គឺ ដោយសារតែគាត់ (កូនក្តី) យល់ឃើញថា សេចក្តីរបស់តុលាការថ្នាក់ក្រោមនោះ មិនមានយុតិ្តធម៌សម្រាប់រូបគាត់ ពីព្រោះ គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ឬ ការផ្តន្ទាទោសគាត់ ជាប់ពន្ធនាគារ នោះឡើយ។

លោកមេធាវីសុគង់ បានថ្លែងថា ម្យ៉ាងវិញ ខ្លឹមសារ នៃ បដា ឬ ខិតប័ណ្ណ ដែលកូនក្តី សួងនាគព័ន្ធ បានថ្លែងទៅកាន់អ្នកគាំទ្រ និង អ្នកដែលស្រលាញ់ និង គោរពរាប់អាន សពលោកបណ្ឌិត កែមឡី នៅពេល ប្រារព្ធខួប៣ឆ្នាំ នៃ ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅពេលនោះ ( ថ្ងៃ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៩) ដូចជាពាក្យថា« សូមបញ្ឍប់ការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធច្បាប់» ឬ «សូមអោយរាជរដ្ឋាភិបាល ស្វែងរក ឃាតករពិតដែលបាន សម្លាប់លោកបណ្ឌិត កែម ឡី» នោះ គឺ ជាការបញ្ចេញមតិ ឬ ជាសំណួមពររបស់គាត់ តែប៉ុណ្ណោះ និង ជាសិទ្ធិសេរីភាព នៃ ការសម្តែងមតិ ឬ ការជួបជុំ របស់គាត់ ក៏ដូចជា សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលត្រូវបានធានា និង ការពារដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និង ច្បាប់អន្តរជាតិផងដែរ។

លោកមេធាវីបានបន្ថែមថា ហើយខ្លឹមទាំងនោះ គឺមិនមានចេតនា ញុះញង់ ឬ បំផុសបំផុល មហាជនអោយមានការរើសអើស ឬ ប្រឆាំងនឹងអាជ្ញាធម៌ មានសមត្ថកិច្ចឬ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដូចការចោទប្រកាន់កូនក្តីនោះដែរ។

លោកមេធាវីសុគង់បានសំណូមពរដល់ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេត្តា ទម្លាក់បទចោទប្រកាន់កូនក្តីពីបទ« ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ព្រមទាំងប្រគល់ទ្រព្យសម្បត្តិរបស់ផ្ទាល់ខ្លួនរបស់គាត់ រួមមានម៉ូតូចំនួនមួយគ្រឿង ដែលដែលត្រូវបានដកហូត នៅពេលឃាត់ខ្លួនគាត់នោះ, ប្រគល់អោយទៅកូនក្តីវិញ។

សំណរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសលាលដីកា នៅដើមខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងនេះ៕

ដោយ ៖ រស្មី អាកាស

To Top
×