ព័ត៌មានជាតិ

លោក គុណ ញឹម ៖ រថយន្តគ្មានពន្ធស្លាកលេខ ខ.ម កាន់កាប់ដោយឯកជន មានច្រើនជាងគេ ក្នុងចំណោម១ម៉ឺនគ្រឿង (Video)

ភ្នំពេញ ៖ តាមការឲ្យដឹង ពីលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព នៃការអនុវត្តការប្រមូល ពន្ធលើយានយន្ត គ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រពន្ធ Zoom ថា រថយន្តគ្មានពន្ធបំពាក់ស្លាកលេខ ខ.ម មានចំនួនច្រើនជាងគេ ក្នុងចំណោមរថយន្តគ្មានពន្ធសរុប ប្រមាណជា១ម៉ឺនគ្រឿងនៅកម្ពុជា ។

លោក គុណ ញឹម បានលើកឡើងថា “មានការវាយតម្លៃប៉ាន់ស្មានតែប៉ុណ្ណោះទេ ព្រោះការកាន់កាប់រថយន្តគ្មានពន្ធនេះ វានៅរាយប៉ាយ នៅទូទាំងប្រទេស ។ ចឹងហើយខ្ញុំធ្លាប់បានជម្រាបហើយថា ចំនួនរថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសយើង ទាំងឆ្វេង ស្តាំ មានខ្ទង់ក្នុងរង្វង់១ម៉ឺនគ្រឿង” ។

អគ្គនាយកដ្ឋានគយបន្តថា “ការប៉ាន់ស្មានវាយតម្លៃរបស់យើងនេះ ទី១យើងផ្អែកលើព័ត៌មានដែលអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើរថយន្តពាក់ស្លាកលេខ ខ.ម ដែលបានដាក់ពាក្យស្នើសុំ ទៅបង់ពន្ធមធ្យោបាយដឹកជញ្ញូន ដែលយើងហៅថាបង់ពន្ធផ្លូវនោះ ដែលក្នុងនោះគឺវាមានចំនួនប្រមាណ ៥ពាន់ ឬ៦ពាន់គ្រឿង ។ នេះបើយើងនិយាយថា ៦ពាន់គ្រឿងជាង ឆ្នាំ២០២០ ហើយពិនិត្យទៅឃើញថា ចំនួននេះកើនឡើងតាំងពី២០១៨-២០១៩ មកកើនឡើង ជាពិសេស២០២០ កើនឡើងកាន់តែខ្លាំង ដូច្នេះឆ្នាំ២០២១នេះ អាចថា ពាក់កណ្តាលឆ្នាំ២០២១ ចំនួននេះ អាចកើនឡើងខ្ទង់៦ពាន់ ៧ពាន់គ្រឿង នេះរថយន្តដែលមានពាក់ស្លាកលេខ ខ.ម ដែលកាន់កាប់ដោយឯកជន” ។

លោកសង្កាត់ធ្ងន់ថា “ចំនួននេះជាចំនួនគោល ហើយយើងសន្មត់ថា ចំនួននេះ ជាចំនួនមួយដែលគ្រប់ដណ្តប់ច្រើនភាគរយ នៃចំនួនរថយន្តគ្មានពន្ធក្នុងស្រុក ។ ចឹងហើយមួយផ្នែកទៀត យើងនឹងបន្តធ្វើការ ជាមួយអគ្គនាយកដ្ឋានពន្ធដារ អំពីរថយន្តជ្រកក្រោមស្លាកលេខ ន.ប” ។

ក្នុងសន្និសីទដដែលនេះ លោក គុណ ញឹម ក៏បានអំពាវនាវ ដល់សាធារណជន ជាពិសេសម្ចាស់យានយន្ដគ្មានពន្ធពាក់ស្លាកលេខ ខ.ម និងន.ប ប្រញ៉ាប់រួសរាន់ មកបង់ពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជៀសវាងត្រូវរងការផាកពិន័យ និងដកហូត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×