ព័ត៌មានជាតិ

សម្តេចតេជោ ៖ ប្រមុខរដ្ឋាភិបាលអាស៊ាន ស្វាគមន៍ ជំនួយជាកម្ចី ពីជប៉ុន ២៥០ពាន់លានដុល្លារ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី២៤ តាមប្រព័ន្ធវីដេអូ ជាមួយបណ្ដាមេដឹកនាំ អាស៊ានដទៃទៀត ។ ក្នុងនោះប្រមុខរដ្ឋាភិបាល អាស៊ានស្វាគមន៍ ជំនួយជាកម្ចីពីជប៉ុន ចំនួន២៥០ពាន់លានដុល្លារ ដើម្បីឆ្លើយតបនូវគ្រោះមហន្តរាយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។

នៅឆ្នាំនេះ ជប៉ុនគឺជាដៃគូសន្ទនា របស់អាស៊ាន៤៨ឆ្នាំមកហើយ ។ ប្រមុខរដ្ឋាភិបាល អាស៊ាន ក៏បានឯកភាព តាមសំណើរបស់ជប៉ុន ឲ្យមានកិច្ចប្រជុំពិសេសនៅជប៉ុនផងដែរ ក្នុងឆ្នាំ២០២៣ ដែលជាខួបលើកទី៥០ នៃការបង្កើតភាពដៃគូ រវាងអាស៊ាន-ជប៉ុន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤នេះ សម្ដេចតេជោ ហ៊ុន សែន និងប្រមុខថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រឲ្យមានកិច្ចប្រជុំនេះនៅប្រទេសជប៉ុន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយ សន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធ នឹងការផ្ដល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសអាស៊ាន និងផ្ដល់វិភាគ ទាន៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជំងឺកើតថ្មី ។

បើតាមការបង្ហាញ ក្នុងហ្វេសប៊ុក សម្តេចតេជោ នាថ្ងៃ២៧ តុលានេះ គឺថា “ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍ ជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបនូវ គ្រោះមហន្តរាយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩” ។

សូមជម្រាបថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាល អាស៊ាន បានស្វាគមន៍ ចំពោះជំនួយឥតសំណងចំនួន ២០០ លានដុល្លារ ដែលជប៉ុន បានប្រកាសជួយ ដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយ ទៅលើផ្នែកបច្ចេកទេស ដល់បណ្ដា ប្រទេសអាស៊ាន ។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ ស្នើឲ្យជប៉ុន បន្តជួយកសាងសហគមន៍ អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេ ឆ្នាំ២០២៥ និង ជួយសមាហរណកម្មអាស៊ាន សម្រាប់ផែនការគំនិត ផ្ដួចផ្ដើមអាស៊ានលើកទី៤ ព្រមទាំងឲ្យជប៉ុន ចូលរួមចំណែក ក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ជាពិសេសនៅតំបន់មេគង្គ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×