ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តចុះពិនិត្យស្ថានភាព ទឹកស្ទឹងព្រែកត្នោត ខណៈកំពុងហូរច្រោះ បង្កប៉ះពាល់ពលរដ្ឋ ៥សង្កាត់ (Video)

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ដើម្បីត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងសង្កាត់ទាំង៥ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងខណ្ឌដង្កោ ទៅកាន់ទីទួលមានសុត្ថិភាព ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែង មានទីតាំងនៅចន្លោះ រវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះ តាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ ដល់ភូមិសាស្ត្រ៥សង្កាត់ ដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀស ប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់ ។

ក្នុងស្ថានភាពនេះ ចំពោះមុខ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ និង បញ្ជាឲ្យកងកម្លាំង ឲ្យជម្លៀសប្រជាជនមកកាន់ ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋ ណាម្នាក់ រងគ្រោះថ្នាក់ដល់ជីវិតនោះទេ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរ ទៅផ្នែកខាងក្រោម នៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ខណៈការធ្លាយទំនប់ សណ្តរស្ទឹងព្រែកត្នោត កាលពីយប់ម៉ិញអាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងបានប្រមាណ ៨០ភាគរយហើយ គិតដល់ម៉ោងជិត១២ត្រង់ត្រង់នេះ។

គួរឲ្យដឹងថា ទំនប់សណ្តរស្ទឹងព្រែកត្នោត បានធ្លាយ កាលពីយប់ថ្ងៃទី២៦តុលានេះ មានទីតាំងស្ថិតក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ។ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន បញ្ជាក់ថា ពីមុនជាទ្វារទឹក (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទ មិនឲ្យដំណើរការ លុះមកដល់មានជំនន់ទឹក សណ្តរស្ទឹងព្រែកត្នោតនេះ អតីតទ្វារទឹកនេះ បានជ្រៀបទឹករហូតធ្លាយ ពីខាងក្រោមតែម្តង ។ ក្រោយពីធ្លាយទំនប់នេះ មិនបានប៉ុន្មានម៉ោងផង អាជ្ញាធររាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ ពីលោក ឃួង ស្រេង អាចគ្រប់គ្រប់គ្រង បានប្រមាណ៨០ភាគរយ ដែលវានឹងមិនបង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ៕

To Top