ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ទូតអូស្ដ្រាលីថា ជំហរកម្ពុជាពាក់ព័ន្ធភាព ជាដៃគូសន្តិសុខ ត្រីភាគី ត្រូវបានបង្ហាញរួចហើយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជំហរកម្ពុជា គឺបង្ហាញរួចមកហើយ តាមរយៈក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធនឹងភាពជាដៃគូ សន្តិសុខត្រីភាគី។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងពីភាព ជាដៃគូសន្តិសុខត្រីភាគី ដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
លោកថា ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះ ធ្វើឡើងដោយមិនមានចេតនាណាមួយ ក្នុងការបង្កនូវហានិភ័យ ឬអសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីអូស្ត្រាលី តែប៉ុណ្ណោះ។

ជាការឆ្លើយតប សម្ដេច ស ខេង បានបញ្ជាក់ថា «សម្រាប់ជំហរកម្ពុជា គឺបានបង្ហាញ រួចមកហើយ តាមរយៈក្រសួងការបរទេសរបស់កម្ពុជា ពាក់ព័ន្ធនឹងភាពជាដៃគូសន្តិសុខ ត្រីភាគីនេះ»។

ផ្ទាំងពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងក្របខណ្ឌ នៃគណនេយ្យភាពសង្គម លោកទូត បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ តទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយថវិកា ប្រមាណ ១៥លានដុល្លាអូស្ត្រាលី សម្រាប់អនុវត្តគម្រោង នៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះ បានផ្ដល់ជូន តាមរយៈធនាគារពិភពលោក ។

លោក បានបន្ដថា ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមនូវដំណើរការ បើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេស មន្ត្រីបំរើការងារ ផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាង ណាពង្រឹង និងបង្កើនប្រសិទ្ធភាព ការងារគ្រប់គ្រងច្រកទ្វារព្រំដែន ឱ្យទទួលបានប្រសិទ្ធភាព នៅពេលដែលដំណើរ ការនូវការបើកព្រំដែន ឡើងវិញ។

នាឱកាសនោះ សម្ដេច បានជំនឿជាក់ថា ការផ្ដល់ជំនួយនេះ ក៏ជាផ្នែកមួយរួមចំណែក ដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ ។ សម្ដេចថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការ ប្ដេជ្ញាចិត្តខ្ពស់លើការងារកំណែទម្រង់នេះ ដោយបានរៀបចំនូវផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០៕

To Top
×