ព័ត៌មានជាតិ

ទឹកជំនន់ស្ទឹងព្រែកត្នោត ឈានទៅដល់ការ ទប់ស្កាត់បានជោគជ័យ ជាមួយការស្រកចុះយ៉ាងខ្លាំង

ភ្នំពេញ៖ គិតមកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត បានឈានទៅដល់ការទប់ស្កាត់ បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការ បាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋទេ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការផ្ដល់ អំណោយជូនពលរដ្ឋជាង ៥០០គ្រួសារ រងផលប៉ះពាល់ដោយ ទឹកជំនន់ព្រែកត្នោត បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយមានការទប់ទំនប់ ការពារទឹកជំនន់រួច គឺទទួលបានជោគជ័យ ដោយមិនបង្កឲ្យធ្លាយបង្កឲ្យ លិចលង់លំនៅដ្ឋានពលរដ្ឋ ឬខូចខាតទ្រព្យសម្បត្តិ និងសត្វពាហនៈធ្ងន់ធ្ងរនោះទេ ។ មានន័យថា ថ្ងៃ២៨ តុលានេះ ស្ថានភាពទឹកបានស្រកចុះ ៤តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត ។

លោក ឃួង ស្រេង បន្តទៀតថា ការទទួលបានជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែង ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្ស ដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថា យប់ឬថ្ងៃឡើយ ដើម្បីទប់ឲ្យបាននូវ គ្រោះមហន្តរាយនេះ ៕

To Top
×