ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោទទួលរងគ្រោះដោយ សារជំនន់ទឹកស្ទឹងព្រែកត្នោត ជាង៨០០គ្រួសារ ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយ ជូនដើម្បីសម្រាលការលំបាក ។
ពិធីចែកអំណោយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។
ព្រះរាជអំណោយមនុស្សធម៌នេះ សម្រាប់ពលរដ្ឋចំនួន ៨៣៧គ្រួសារនេះ ក្នុងមួយគ្រួសារ ទទួលបាន អាវយឺតមួយ អង្ករ៥០គីឡូក្រាម ម៉ាស១០បន្ទះ មី១កេស ត្រីខ១០កំប៉ុង តង់១ ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១) និងថវិកាចំនួន៤សែនរៀល ។
ក្នុងនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារការប្រែប្រួលអាកាសធាតុ គួបផ្សំកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឲ្យតំបន់សណ្ដស្ទឹងព្រែកត្នោត តភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរង ការគំរាមកំហែងជាថ្មីម្តងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុក នូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឲ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះ ។
លោក ឃួង ស្រេងថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នា ផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសពលរដ្ឋ ចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅ បណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះដល់អាយុជីវិតឡើយ។
គួរឲ្យដឹងថា ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឲ្យហូរច្រោះ ក្បាលហុងទឹកហៀរហូរ ជន់លិចលំនៅឋាន និងបង្កឲ្យមានផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិចំនួន ៤ ក្នុងសង្កាត់គងនយ ហើយនៅបានបន្តហូរជន់លិច ក្នុងភូមិចំនួន ៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំង បណ្តាភូមិនៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ៕