ព័ត៌មានជាតិ

ជំនួយការជាន់ខ្ពស់លោកស្រី អ៊ុង សានស៊ូជី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ

បរទេស៖ ជំនួយការជាន់ខ្ពស់មួយរូបរបស់មេដឹកនាំត្រូវផ្តួលរំលំចេញពីអំណាច លោកស្រី អ៊ុង សានស៊ូជី នៅថ្ងៃសុក្រនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលដល់ទៅ២០ឆ្នាំ ដោយចោទប្រកាន់ពីបទក្បត់ជាតិលំដាប់ខ្ពស់ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសម្តីរបស់សមាជិកគ្រួសារលោកមួយរូបប្រាប់ឲ្យដឹង។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Win Htein មានវ័យ៧៩ឆ្នាំ គឺជាអ្នកគាំទ្រដ៏មុតមាំមួយរូបរបស់លោកស្រី អ៊ុង សានស៊ូជី និងជាអ្នកទោសនយោបាយដ៏យូរមួយរូប នៅក្នុងអំឡុងយុទ្ធនាការជាច្រើនទសវត្ស ដើម្បីបញ្ចប់ការកាន់អំណាចដោយយោធា។


លោកត្រូវបានចាប់ខ្លួននៅក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលធ្វើឲ្យប្រទេសមីយ៉ានម៉ា ផុតធ្លាក់ចូលក្នុងភាពចលាចល និងបញ្ចប់ការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យរយៈ ពេលមួយទសវត្ស។

ផ្ទាំងពាណិជ្ជកម្ម


កូនស្រីរបស់លោក ឈ្មោះ Chit Suu Win Htein បាននិយាយក្នុងសារមួយថា “ដូច្នេះ នេះគឺដូចដែលយើងបានរំពឹងទុក វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែវាជារឿងដ៏ក្រៀមក្រំនិងគួរឲ្យខឹង ដែលបានស្តាប់ឮស្តីពីការកាត់ទោសដ៏គួរឲ្យអស់សំណើចនេះ។ ជនប្រព្រឹត្តអំពើអយុត្តិធម៌ នឹងត្រូវទទួលផលតបស្នងនេះវិញ សូមឲ្យប្រជាពលរដ្ឋបានជ្រាប ហើយយើងនឹងទទួលជ័យជំនះ”៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×