ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៤៦០ ១៦៩ តោន មានការថយចុះចំនួន ៧៦ ១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦ ៣០៥ តោន។ ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១ តោន កើនឡើងចំនួន ១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០ តោន។
ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣% បរិមាណអង្ករបាននាំចេញ ទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)។
លោក វេង សាខុន បន្តថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)។
លោក វេង សាខុន បានឱ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករ មានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅ មានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់ ៕