ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើទៅកាន់ភាគីធនាគារពិភពលោក (World Bank, WB) ជួយលើវិស័យកសិកម្ម ប្រព័ន្ធស្រោចស្រព និងការចិញ្ចឹមសត្វ នៅកម្ពុជា ។
ការស្នើនេះធ្វើឡើង ក្នុងជំនួបរវាងលោករដ្ឋមន្រ្តី អនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក ដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
![](https://dap-news.com/wp-content/uploads/2022/06/2BEFA54C-CC5F-4CF9-BCB0-6667B8125669-1024x682.jpeg)
សំណើររបស់ លោក វេង សាខុន ទៅកាន់ក្រុមការងារ WB រួមមាន៖ទី១- ពិនិត្យលើប្រព័ន្ធស្រោចស្រព ដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទនៈ។ ទី២- ពិនិត្យលទ្ធភាពជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រលើផលិតកម្មដំណាំ មានបន្លែផងដែរ ដើម្បីលើកកម្ពស់ផលិតភាព ផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃផងដែរ។ ទី៣- ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីក ផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់ តាមតម្រូវការទីផ្សារក្នុងស្រុក។
![](https://dap-news.com/wp-content/uploads/2022/06/B0A26102-6614-4D60-9B63-81E6BD8780B6-1024x682.jpeg)
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់មតិឲ្យក្រុមការងារ សិក្សាលើលទ្ធភាពរបស់សហគមន៍ ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទ:រក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេល គម្រោងត្រូវបានបញ្ចប់៕
![](https://dap-news.com/wp-content/uploads/2022/06/6F355E66-A5B6-4B19-BB00-D5886F83D5F7-2-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/06/F597AF9E-5848-46C8-A39E-C39AA2354C9F-2-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)