ព័ត៌មានជាតិ

កម្ពុជា គ្រោងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនពលរដ្ឋខ្មែរ នៅក្នុងប្រទេសថៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បណ្ដាប្រទេសមិត្ត បានផ្ដល់វ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ទាំងជំនួយ និងការបញ្ជាទិញ។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំកំពុងឲ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជា ទៅក្នុងប្រទេសថៃ ដើម្បីស្នើឲ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងរកយើង ចាក់ជូនប្រជាជនយើងនៅទីនោះ (ពលករខ្មែរនៅថៃ) ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់»។

សម្ដេចតេជោ បានបន្ដថា ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសថៃបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលថៃ ទើបកម្ពុជា បញ្ជូនវ៉ាក់សាំងទៅបាន ព្រោះកម្ពុជា ត្រូវអនុវត្តតាមច្បាប់របស់ថៃ។

សម្ដេចតេជោ បានបន្ថែមថា ពិតណាស់ប្រជាជនថៃចាក់វ៉ាក់សាំង បានយ៉ាងច្រើនផងដែរ ក៏ប៉ុន្ដែសម្រាប់កម្ពុជា មានប្រជាពលរដ្ឋ ជាង១៦លាននាក់ ក្នុងចំណោម ជាង១៦លាននាក់ មានប្រជាជនខ្មែរ ធ្វើការនៅប្រទេសក្រៅ ហើយ មានអ្នកចាក់វ៉ាក់សាំង រួចរាល់មួយចំនួន ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា « យើងមិនដែលបានភ្លេចពលរដ្ឋ របស់យើងដែលធ្វើការ នៅក្រៅប្រទេសនោះទេ ជាពិសេស នៅក្នុងព្រះរាជាណាចក្រ ថៃ ,ប៉ុន្តែបានឬមិនបាន យ៉ាងណានោះ ក៏សូមឱ្យបងប្អូន ជាពលករនៅក្នុងប្រទេសថៃ មានការយោគយល់ ព្រោះបើនៅក្នុង ទឹកដីរបស់យើង អ្នកស្ម័គ្រចិត្តចាក់គឺត្រូវបានចាក់ជូន» ៕

To Top