ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឲ្យរក្សាវ៉ាក់សាំងទុកនៅគ្រប់រាជធានី-ខេត្ត ដើម្បីចាក់ឲ្យស្រ្តីឆ្លងទន្លេ និងអ្នកមិនទាន់ចាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានី-ខេត្ត ដើម្បីយកទុកចាក់អ្នកឆ្លងទន្លេ អ្នកជំងឺ និងអ្នកទាន់ចាក់ ដោយបន្ដចាក់ជូនពួកគាត់គ្រប់ៗគ្នា ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមពេទ្យ ត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា លើកលែង ពួកគាត់មានជំងឺប្រចាំកាយ ឬជំងឺផ្សេងៗ។

សម្ដេចតេជោ បានបញ្ជាក់ថា «អ្នកណាក៏ដោយ មិនទាន់ចាក់ដូសទី១ មិនអាចទទួលដូសទី២ ឬទី៣ គាត់យកទៅធ្វើអី ហើយលោកជំទាវ ឱន វណ្ណឌីន ត្រូវណែនាំបញ្ហានេះឲ្យបានជាក់លាក់ ដាក់ចេញពីគោលការណ៍តម្រូវកន្លែងណាខ្លះ ហើយប្រកាសក្នុងខេត្តនីមួយៗ ត្រូវធ្វើការប្រកាសដែលជាការអំពាវនាវ និងបញ្ជាក់ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយផ្នែកសុខាភិបាល គឺត្រូវមានទុកវ៉ាក់សាំងនៅទីនោះ ព្រោះយើងត្រូវទុក អ្នកខ្លះឆ្លងទន្លេ អ្នកខ្លះពោះធំ មិនទាន់បានចាក់ទេ ត្រូវបន្ដការចាក់ជូនពួកគាត់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ប្រជាពលរដ្ឋ រៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣.៧០៩.៤៨៧នាក់៕

To Top