នយោបាយ

សម្ដេចតេជោ ៖ ការអំពាវនាវ របស់ក្រុមប្រឆាំង មិនឲ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំង បើធ្វើប្រជាមតិ ក្រុមប្រឆាំង នឹងចាញ់ផ្កាប់មុខ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកចំអន់ដល់ក្រុមប្រឆាំង ដែលជារបស់ក្រុមលោក សម រង្ស៊ី បានអំពាវនាវ ដល់ប្រជាពលរដ្ឋ មិនឲ្យចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ នោះថា បើធ្វើប្រជាមតិ និងបោះឆ្នោត នឹងចាញ់ផ្កាប់មុខ ដូចករណី ដេកផ្ទះឈ្នះឯង ។

ក្នុងពេលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីដើមឆ្នាំ២០២១ មានក្រុមប្រឆាំងដែលគេដឹងថា ជាក្រុមរបស់លោក សម រង្ស៊ី ភាគច្រើនរស់នៅក្រៅប្រទេស បានផ្ញើសារកុំឲ្យពលរដ្ឋ មកចាក់វ៉ាក់សាំង ព្រោះពួកគេអះអាងថា វ៉ាក់សាំងគ្មានប្រសិទ្ធភាព ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងសប្បាយរីករាយ នៅពេលប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ។

សម្ដេចតេជោ បានបញ្ជាក់ថា «ក្រុមប្រឆាំងអ្នកមិនឲ្យចាក់វ៉ាក់សាំង ក្រុមនេះ បើសិនជាបោះឆ្នោត ធ្វើជាមតិ និងចាញ់ផ្កាប់មុខ រវាងដេកផ្ទះឈ្នះស្អាត»។

សម្ដេចតេជោ បានឲ្យដឹងថា សម្ដេចប្រើពាក្យថា «វ៉ាក់សាំងកាតព្វកិច្ច» គឺជាភាសាប្រើមុនគេនៅលើពិភពលោក។ សម្ដេចថា កាតវ៉ាក់សាំងកូវីដ-១៩ នាពេលបច្ចុប្បន្ន ត្រូវជំរុញធ្វើឲ្យបានឆាប់ ជូនប្រជាពលរដ្ឋ ព្រោះបន្ដិចទៀត កាតវ៉ាក់សាំង មានសារៈសំខាន់ជាងអត្ដសញ្ញាប័ណ្ណ ដោយសារ ចូលក្នុងហាងនីមួយៗ ឬកន្លែងផ្សេងៗទៀត គេសុំពិនិត្យ មើលកាតចាក់វ៉ាក់សាំង។

សម្ដេចតេជោ បានបន្ថែមថា បច្ចុប្បន្ននេះ អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺមិនបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ សម្តេច ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមិនទាន់បាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវទៅចាក់ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនានា ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេស៕

To Top