ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាស្ថានប័នពាក់ព័ន្ធ ចូលឆ្លើយសំណួរ ពលរដ្ឋនៅលើ Comment ក្នុងផេកផ្លូវការ របស់សម្ដេច

ភ្នំពេញ ៖ ក្នុងគោលការណ៍ ដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឆ្លើយតប និង ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ តាមរយៈសារ Comment នៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ របស់ថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់អង្គភាព ស្ថានប័ន មានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ចូលឆ្លើយតបទៅនឹង ការលើកឡើង របស់ប្រជាពលរដ្ឋ ទៅតាមជំនាញរៀង ៗខ្លួន។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ សម្រាប់កុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា មាន ប្រជាពលរដ្ឋ ជាច្រើនបានលើកឡើង ជាសំណួរ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហើយពេលខ្លះក៏បានឆ្លើយតប និងពេលខ្លះមិនបានឆ្លើយតប ដែលទាមទារឲ្យស្ថានប័ន មានសមត្ថកិច្ច ចូលទៅឆ្លើយ តបតាមការចោទសួរទាំងនោះ។

សម្ដេចតេជោបញ្ជាក់ថា «ពេលខ្លះ ស្ថាប័នមានសមត្ថកិច្ច គួរតែចូលទៅឆ្លើយនៅក្នុងហ្នឹង(Comment) តែម្ដងទៅ ជាការល្អ ព្រោះប្រជាពលរដ្ឋ ចូលមកសួរនៅក្នុងហ្នឹង»។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យ អនុវត្តនយោបាយ បើកចំហ ដែលជារាជរដ្ឋាភិបាលស្ដាប់ ក្នុងការផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្រ្ដ) ។ រាជរដ្ឋាភិបាលស្ដាប់ គឺបង្ហាញភាពជិតស្និទ្ធ ការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និង សុខដុមនីយកម្មរបស់រាស្រ្ដ ។

លោក ផៃ ស៊ីផាន បន្តថា សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលដ៏ទៃទៀត បានប្រកាស អនុញ្ញាត ដល់ប្រជាពលរដ្ឋទាំងឡាយ អាចផ្ញើសារចូល ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់សម្ដេច ដើម្បីលើកឡើងពីសំណូមពរ សេចក្ដីត្រូវការ ជាចាំបាច់ ឬបញ្ហាប្រឈម ក្នុងមូលដ្ឋាន ដើម្បីសម្ដេចតេជោ និងសម្តេច ស ខេង ឬថ្នាក់ដឹកនាំស្ថាប័នជំនាញ បានទទួលជ្រាប និងដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

To Top