ព័ត៌មានជាតិ

កម្ពុជា បានទទួលរថយន្ត ៣៩គ្រឿងពីជប៉ុន សម្រាប់បម្រើការ នៅពេលធ្វើជាម្ចាស់ផ្ទះប្រជុំ អាស៊ាន (Video)

ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។

បើតាមហ្វេសប៊ុករបស់លោក ប្រាក់ សុខុន រថយន្តទាំង៣៩គ្រឿងនេះ ជាជំនួយក្រោមគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ជប៉ុន សម្រាប់ពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

លោក ប្រាក់ សុខុន ឲ្យដឹងបន្តថា លោកបានចុះហត្ថលេខាជាមួយលោក មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើគម្រោងនេះ តាំងតែពីខែមីនា ឆ្នាំ២០២០។

លោកថា គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេង ដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយ ប្រសិទ្ធភាពក្នុងនាម ជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅប្រទេសព្រុយណេ ជាមួយនឹងការទទួលជា ប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម ។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយកម្ពុជាបានធ្វើជាម្ចាស់ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ នៅឆ្នាំ២០០២ , លើកទី២ ឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ ៕

To Top