ព័ត៌មានជាតិ

សម្តេចតេជោ គូសបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ត្រូវតែប្រឡងជាដាច់ខាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុបឆ្នាំនេះ ត្រូវតែរៀបចំប្រឡងជាដាច់ខាត ដោយគ្មានការសុំជាប់ ដោយស្វ័យប្រវត្តិនោះទេ ។

ក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចបានមានប្រសាសន៍ថា «តាមខមមិន ក្នុងហ្វេសប៊ុកខ្ញុំដឹងខ្លះ សូមសម្តេចតា សម្តេចពុក សូមឲ្យការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ ធ្វើយ៉ាងម៉េចឲ្យជាប់ដោយស្វ័យប្រវត្តិ ហើយខ្ញុំ សុខចិត្តប្រឡងចូលមហាវិទ្យាល័យតាមមុខវិទ្យា! ។ ឲ្យចៅៗអើយ បើគិតតែឡើងថ្នាក់ហើយមិនចេះទៅធ្វើអ្វី? អីញ្ចឹងអត់តេ សូមឲ្យមានការរៀបចំ ឲ្យមានការប្រឡងបាក់ឌុប»។

សម្តេចលើកឡើងថា “ឆ្នាំទៅមានការរៀនច្រើន ហើយមានការខកខានរៀនតែមួយរយៈទេ ។ អីញ្ចឹងបានជាយើង«…»ហើយពេលនោះ ការរៀបចំប្រឡងមិនកើត តែកូនសិស្សបានរៀន។ តែផ្ទុះជំងឺកូវីដ មិនអាចរៀបចំការប្រឡង ទើបយើងអនុញ្ញាតឲ្យជាប់សញ្ញាបត្របាក់ឌុប ដោយស្វ័យប្រវត្តិហើយគ្មាននិទ្ទេស” ។

សម្តេចក៏បានលើកឡើងទៀតថា តែពេលនេះមានករណីសុំជាប់ ដោយស្វ័យប្រវត្តិដោយខ្លួន បានរៀនតិចតួចនោះ គឺអត់ធ្វើតាមសំណូមពរនោះទេ ត្រូវតែប្រឡង បើមិនចេះត្រូវប្រឹងរៀន ដើម្បីទៅប្រឡង ហើយបើប្រឡងមិនជាប់ឆ្នាំនេះទេ ឆ្នាំក្រោយប្រឡងទៀត ។ សម្តេចថា បើគិតតែមកស្នើសុំសម្តេចតា សម្តេចពុក ជួយឲ្យជាប់ដោយស្វ័យប្រវត្តិ តើវិស័យអប់រំ តើទៅជាយ៉ាងម៉េច? ឥឡូវនេះប្រឹងបើក សាលារៀនហើយ!។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តីថា បើសិនជាអាចពន្យាពេលបន្តិចប្រឡង គឺស្រ័យលើរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា «មិនអាចទេឆ្នាំណា ក៏ទារជាប់ដោយស្វ័យប្រវត្តិ ដែលក្លាយជាទម្លាប់មួយ។ ឆ្នាំទៅករណីកូនសិស្សបានរៀន ស្ទើតែពេញកម្មវិធីសិក្សារបស់គេ តែចាត់តាំងការប្រឡងមិនបាន យើងក៏ពិភាក្សាគ្នាឲ្យជាប់ ទាំងអស់តេគ្មាននិទ្ទេស»។

សម្តេចតេជោក៏បានប្រកាសថា ចាប់ពីថ្ងៃនេះ សាលារៀនត្រូវបើកទ្វារ បើសិនមានករណីកូវីដ១៩សិស្ស១នាក់ ឬ២នាក់ ត្រូវយកទៅព្យាបាល ហើយសាលារៀនត្រូវបើក ៕ សំណាង

To Top