ព័ត៌មានជាតិ

សម្ដេច ស ខេង ទទូចពលរដ្ឋ បើកបរ ត្រូវអាធ្យាស្រ័យឲ្យគ្នា ខណៈខែតុលា អ្នកស្លាប់ ដោយគ្រោះ ថ្នាក់ចរាចរណ៍ ១៤០នាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចដល់ប្រជាពលរដ្ឋ ពេលបើកត្រូវមាន ការយោគយល់ និងអាធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខណៈខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ចំនួន២៤៣លើក និងអ្នកស្លាប់ចំនួន១៤០នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានសង្កេតឃើញថា ទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ច្រើនជាងខែកញ្ញា ដែលបញ្ហានេះ បានពិនិត្យឃើញថា ដោយសារមានកំណើន ច្រើនការធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ។

សម្ដេច បានថ្លែងថា «ប្រការគួរឲ្យសោកស្ដាយបំផុតនោះ គឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញ គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសបានកើតឡើង ចំនួន២៤៣លើក គឺមានការកើនឡើង ជាងខែកញ្ញា ចំនួន២៣លើក ស្មើនឹង១០ភាគរយ។ ចំនួនអ្នករងរបួសមាន ចំនួន៣៤០នាក់ កើន ឡើងជាងខែកញ្ញា ចំនួន៦៦នាក់ ស្មើនឹង២៤ភាគរយ និង ចំនួនអ្នកស្លាប់ មានដល់ទៅ១៤០នាក់ គឺកើនឡើងជាងខែកញ្ញា ចំនួន២១ នាក់ស្មើនឹង១៨ភាគរយ» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច បានបន្ដថា ទោះជាយ៉ាងណាក៏ដោយអត្រាគ្រោះថ្នាក់ ចរាចរណ៍ក្នុងខែតុលា ឆ្នាំ២០២១នេះ បើប្រៀបធៀប ទៅនឹងខែតុលា ឆ្នាំ២០២០ គឺមានការថយចុះតិចតួច ប៉ុន្តែចំនួនអ្នកស្លាប់មានការ កើនឡើងទៅវិញ។ សម្ដេចថា អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ២លើកស្មើនឹង១ភាគរយ អត្រាអ្នករងរបួសថយចុះ៤ នាក់ស្មើនឹង១ភាគរយ ប៉ុន្តែអត្រាអ្នកស្លាប់ បានកើន២៩នាក់ ស្មើនឹង២៦ភាគរយ។

សម្ដេច បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូន ជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់ អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀត លើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់» ។

លើសនេះទៀត សម្ដេច ស ខេង ក៏បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឲ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិត ប្រជាពលរដ្ឋ៕

To Top
×