ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញថា ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹង អត្តសញ្ញាណរបស់ក្មេងប្រុស នៅក្នុងស្រុកបន្ទាយស្រីម្នាក់ ដែលឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យលោកសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្មេងប្រុសតូច អាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្មួយប្រុស សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។
លោកអភិបាលស្រុកបានបន្តថា កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។
ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។
សូមជម្រាបថា ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទលេខ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់សីហាបាន៕