Feature

វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យា អាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយកដំណោះ ស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សា គោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាចអនុវត្តបានជាក់ស្តែង។ វេទិកាវេចខ្ចប់កម្ពុជា ២០២៦ (PackTalk Cambodia 2026) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»។

ថ្លែងក្នុងពិធីបើក លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់ នៃការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។

លោក រដ្ឋមន្ត្រី បានលើកឡើងថា «ការវេចខ្ចប់គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ការអភិវឌ្ឍវិស័យនេះមានសារសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ»។

លោក បានបន្ថែមថា ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងអ្នកផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។

សូមបញ្ជាក់ថា វេទិកាវេចខ្ចប់ រួមមានកិច្ចពិភាក្សាអំពីការការពារផលិតផល ការរចនាសំបកវេចខ្ចប់ សុវត្ថិភាពម្ហូបអាហារ ស្តង់ដា ការរៀបចំស្លាកលើ សំបកផលិតផល និរន្តរភាពនៃការវេចខ្ចប់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ កម្មវិធីមានគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុនផលិត និងសហគ្រាសកែច្នៃកសិផលកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់សម្ភារវេចខ្ចប់ អ្នកស្រាវជ្រាវ ស្ថាប័នបច្ចេកទេស និងដៃគូអាជីវកម្មសក្តានុពល៕

To Top