ព័ត៌មានជាតិ

ក្រុមហ៊ុនអាមេរិក បន្ដវិនិយោគ និងពង្រីកអាជីវកម្ម គាំទ្រក្នុងការស្ដារ សេដ្ឋកិច្ចកម្ពុជាឡើងវិញ

ភ្នំពេញ៖ ក្រុមហ៊ុនអាម៉េរិក បានសម្តែងសុទិដ្ឋិនិយម ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្ម របស់ខ្លួននៅកម្ពុជា ជាពិសេស ជួយគាំទ្រស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូ នៃក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ថ្មីៗនេះ តាមប្រព័ន្ធវិដេអូ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬលោកផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា «សូមសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនអាម៉េរិក ក៏បានសម្តែងសុទិដ្ឋិនិយម ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការ ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២»។

ទន្នឹមនឹងនោះ គណៈប្រតិភូនៃក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុក ដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានសម្តែងសុទិដ្ឋិនិយម និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។

សូមរំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាម៉េរិក ដែលបានបន្តកើនឡើង បើគិតត្រឹមខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនប្រមាណជាង ៥,៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២៨.៤៦ ភាគរយ បើប្រៀបធៀបនឹង ៨ខែ ដើមឆ្នាំ២០២០ ៕

To Top