នយោបាយ

សម្ដេច ស ខេង ៖ ប្រជុំថ្នាក់រដ្ឋមន្ដ្រីលើកទី២ ក៏ជាឱកាសបង្កើត ភាពដៃគូ រួមចំណែក កិច្ចការកម្ពុជា ក្នុងវឌ្ឍនភាពអត្រានុកូលដ្ឋាន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កិច្ចប្រជុំតុមូលលើកទី២ ថ្នាក់រដ្ឋមន្ត្រី ស្ដីពី ការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ក៏ជាឱកាសបង្កើតភាពដៃគូ ដែលរួមចំណែក កិច្ចការ កម្ពុជា នូវវឌ្ឍនភាពការងារ អត្រានុកូលដ្ឋាន ដែលកម្ពុជាកំពុងអនុវត្ត ខណៈកិច្ចប្រជុំតុមូលថ្នាក់ រដ្ឋមន្ត្រីលើកទី២ នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។

នេះជាការលើកឡើងរបស់សម្តេច ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃUN-ESCAP នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សម្ដេច ស ខេង បានថ្លែងថា កម្ពុជាកំពុងខិតខំយកចិត្តទុកដាក់ ធ្វើការងារអត្រានុកូលដ្ឋានយ៉ាងសកម្ម ហើយក៏មានផែនការយុទ្ធសាស្ត្រ របស់ខ្លួនពីឆ្នាំ២០១៧-២០២១ ។ ផែនការនេះ កំពុងអនុវត្តរហូត ដល់បច្ចុប្បន្ន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏កំពុង តែយកចិត្តទុកដាក់រៀបចំ សេចក្ដីព្រាងច្បាប់សំខាន់ៗ មួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និង ការងារអត្តសញ្ញាណកម្ម ក្នុងគោលដៅជាសំខាន់ គឺខិតខំធ្វើយ៉ាងណាសម្រេចឲ្យបានគោលដៅ មួយគឺមនុស្សម្នាក់ មានអត្តសញ្ញាណមួយ ។

សម្ដេច ស ខេង បានរំលឹកពីប្រវត្តិសាស្ត្រ របស់កម្ពុជាថា ក្នុងរបបប្រល័យ ពូជសាសន៍ កិច្ចការអត្រានុកូលដ្ឋាន ត្រូវបានកំទេចចោល ស្ទើរតែទាំងស្រុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកិច្ចការនេះ សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ច្រើនតាមយុទ្ធសាស្ត្រដាក់ចេញ ដើម្បីបំរើកិច្ចការប្រកបជីវភាព ប្រចាំថ្ងៃរបស់ពលរដ្ឋ។ សម្ដេចថា មិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាន ក៏បានបំរើទៅដល់ការងារចុះឈ្មោះ បោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋផងដែរ។

ចំពោះកិច្ចប្រជុំនោះវិញ សម្ដេចបានគូសបញ្ជាក់ថា «កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀត ដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជា ក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ» ។

ជាមួយគ្នានេះ លោកស្រី Armida Salsiah Alisjahbana ក៏បានអញ្ជើញ សម្ដេចចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងនូវសេចក្ដីថ្លែង ការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព ការងារដែលកម្ពុជាសម្រេចបានលើការងារ អត្រានុកូលដ្ឋាន ។

លោកស្រី Armida Salsiah Alisjahbana បន្តថា គោលបំណងនៃការរៀប ចំនូវសន្និសីតកិច្ចប្រជុំតុមូលថ្នាក់ រដ្ឋមន្ត្រីលើកទី២នេះ ក៏ជាគោលបំណងមួយ ក្នុងការជំរុញប្រទេសនានាដែលចូលរួមបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធ ទៅនឹងការងារអត្រានុកូលដ្ឋាន៕

To Top