ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ បន្ថយទោស សកម្មជនការពារ បរិស្ថាន៣នាក់ មកនៅត្រឹមជាប់គុកក្នុង ម្នាក់ៗ តែ១ឆ្នាំ ២ខែប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍» (VIdeo)

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោសរបស់យុវជន ជាប់ចោទចំនួន៣នាក់ ដែលជាសកម្មជន ការពារបរិស្ថាន នៃ អង្គការមាតាធម្មជាតិ និង តែបានបន្ធូរបន្ថយទោសពួកគេ ពីជាប់គុក ក្នុងម្នាក់ៗ ពី ១៨ ទៅ ២០ ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ និង២ខែវិញ ។ចំណែកឯ ទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បង រយៈពេល៣ឆ្នាំ។

លោកយន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទទាំង៣នាក់នេះ ខាងលើនេះ មាន ឈ្មោះ ទី១- ឈ្មោះថុន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ, ទី២- ឈ្មោះ ឡុង គន្ធា ភេទស្រី អាយុ ២២ឆ្នាំ, និង ទី៣ -ឈ្មោះ ភួន កែវរស្មី ភេទស្រី អាយុ ២១ ឆ្នាំ។

លោកបានបញ្ជាក់ថា ក្នុងចំណោម ពួកគេទាំង៣នាក់នេះ, ជនជាប់ចោទ ឈ្មោះ ថុន រដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ កាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ ពេល២០ខែ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ឡុង គន្ធា និង ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ ពេល១៨ខែ និងពិន័យ និង ជាប្រាក់២លានរៀល ក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងរាជធានី ភ្នំពេញ។

អ្នកស្រី ប៉ាត់ រស្មី ជាភរិយា របស់ឈ្មោះ ថុន រដ្ឋា បានអោយដឹងថា បើគិតពីថ្ងៃចាប់ខ្លួនប្តី របស់អ្នកស្រី មកទល់នឹងថ្ងៃ ប្រកាសសាលដីកា របស់តុលាការឧទ្ធរណ៍នេះ– គឺ ៥ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ— ប្តីរបស់អ្នកស្រី នឹងត្រូវដោះលែងពីពន្ធនាគារ ឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រនេះ។

ទោះជាយ៉ាងណាក្តី, លោកស្រីពុំដឹងថា តើខាងមន្រ្តីពន្ធនាគារនឹង ដោះលែង ស្វាមី ថុន រដ្ឋា នៅពេលណានោះទេ។

ដោយ រស្មី អាកាស

To Top