ព័ត៌មានជាតិ

ឃាត់ខ្លួន មន្ត្រីយោធាកងវិស្វកម្មម្នាក់ ពាក់ព័ន្ធការបាញ់បោះសេរី និង ប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាល ខេត្ថសៀមរាប កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួន មន្ត្រីយោធាកងវិស្វកម្មម្នាក់ ជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់អាវុធ ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០ នាទី យប់ នៅត្រង់ចំណុច មុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិត ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហានកងវិស្វកម្ម ក្រសួងការពារជាតិ និង បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោករាជធានី ភ្នំពេញ។

ចំណែក សង្សាររបស់ជនសង្ស័យមាន ឈ្មោះ ឈួន ចាន់ឌឿន ហៅនី ភេទស្រី ២៧ឆ្នាំ។

សមត្ថកិច្ចបានអោយដឹងថា ពេលកើតហេតុ ជនសង្ស័យ បាននាំសង្សារទៅផឹកស៊ី នៅភោជនីដ្ឋាន ស្នាដៃម៉ែក្មេក៥ ដែលមានទីតាំង ស្ថិតនៅ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ។

ក៏ប៉ុន្តែ នៅពេលជនសង្ស័យ បានផឹកស្រវឹង ក៏មានទំនាស់ពាក្យសម្ដី ជាមួយសង្សារ ហើយបានចេញទៅមុខហាង ក្បែរកន្លែងចតម៉ូតូ រួច ក៏ទាញកាំភ្លើងខ្លីម៉ាក G Lock19 បាញ់ផ្ចុចដីចំនួន ១គ្រាប់ រួចឡើងជិះរថយន្ត គេចខ្លួនបាត់ ។

ចំណែកនារីជាសង្សារ ក៏បានជិះម៉ូតូ តាមក្រោយចេញទៅបាត់ដែរ។

កម្លាំងសមត្ថកិច្ចនគរបាល ក៏បានដេញតាម ជនសង្ស័យ និង ចាប់ខ្លួនបាន នៅក្នុងយប់កើតហេតុនោះ តែម្តង។

ចំពោះ វត្ថុតាង ដែលសមត្ថកិច្ចចាប់យកមរួមមាន (សំបកគ្រាប់កាំភ្លើង) ចំនួន១ គ្រាប់ ។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top