នយោបាយ

វិភាគ៖ ហ្វីលីពីន ងាកទៅរកអាមេរិកវិញ ក្រោយពីខកចិត្ត​ ជាមួយចិន

បច្ចុប្បន្នភាព៖ ប្រព័ន្ធផ្សព្វផ្សាយ FP បានចុះផ្សាយអំពីភាពប្រេះស្រាំ​ នៃទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងប្រទេសចិន ក្រោយពីប្រទេសសមាជិកអាស៊ានមួយនេះ បានងាកចេញពីអាមេរិក និងទៅចាប់ដៃជាមួយចិន ចាប់តាំងពីឆ្នាំ២០១៦កន្លងមក ។

ហ្វីលីពីន ដែលងាកចេញពីប្រទេសចិន ដោយសារប្រទេសនេះ បានខកចិត្តនឹងចិនលើចំណុចជាច្រើន ជាពិសេសគឺក្តីសុបិន្ត របស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានសម្រេចទៅតាមក្តីស្រមៃ របស់លោកក្នុងទំនាក់ទំនងជាមួយចិន ។

សូមបញ្ជាក់ជូនថា ក្រោយពីបានឡើងកាន់តំណែង ជាប្រធានាធិបតី របស់ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៦កន្លងមក លោក Rodrigo Duterte បានបង្វែរគោលនយោបាយការបរទេស របស់ប្រទេសនេះ អោយឃ្លានឆ្ងាយ ពីសហរដ្ឋអាមេរិក ដែលជាមិត្តចាស់ អស់រយៈពេលជាង ៧០ឆ្នាំកន្លងមក និងបានងាកទៅជិតស្និទ្ធ ជាមួយប្រទេសចិន ស្ទើរគ្រប់វិស័យ ។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនលើកដំបូង ក្រោយពីបានឡើងកាន់តំណែង កាលពីឆ្នាំ២០១៦ លោក Rodrigo Duterte បាននិយាយថា វេលានេះ គឺជាពេលត្រូវជំរាបលា ទីក្រុងវ៉ាស៊ីងតោនហើយ (Time to say goodbye to Washington) ។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ប្រធានាធិបតី របស់ប្រទេសហ្វីលីពីន បានចុះហត្ថលេខាជាច្រើន លើគម្រោងអភិវឌ្ឍន៍ជាមួយចិន ជាពិសេសគឺកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន ជាភាគីជម្លោះ១ ជាមួយប្រទេសចិន ។

ទំនាក់ទំនងហ្វីលីពីន និងចិន មានភាពល្អប្រសើរកាន់តែខ្លាំង ទាំងទំនាក់ទំនងការទូត នយោបាយ ពាណិជ្ជកម្ម និងទាំងសន្តិសុខ ជាពិសេសគឺកិច្ចសហប្រតិបត្តិការល្អ ក្នុងគម្រោងអភិវឌ្ឃន៍ របស់ប្រទេសចិន ខ្សែក្រវ៉ាត់១ផ្លូវ១ ដោយចិនចាប់ផ្តើមសាងសង់ ហេដ្ឋារចនាសម្ព័ន និងពង្រឹងសមត្ថភាពសន្តិសុខ នៅសមុទ្រចិនខាងត្បូង ។

ចាប់តាំងពីលោក Rodrigo Duterte បានឡើងកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីន ទំនាក់ទំនងរវាងប្រទេសនេះ និងសហរដ្ឋអាមេរិក បានឃ្លានឆ្ងាយកាន់តែខ្លាំង ដោយមិនមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដូចកាលពីមុន ។
ជាទម្លាប់ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក តែងតែធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសហ្វីលីពីន ក្នុងគោលដៅពង្រឹងសម្ព័ន្ធភាព រវាងប្រទេសទាំងពីរ ប៉ុន្តែក្រោយពីលោក Rodrigo Duterte បានឡើងកាន់តំណែង ដំណើរទស្សនកិច្ចផ្លូវការនានា រវាងអាមេរិក និងហ្វីលីពីន មិនត្រូវបានធ្វើឡើង ដូចទម្លាប់នោះទេ ។

ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ចាប់ផ្តើលល្អប្រសើរឡើងវិញ ហើយទំនាក់ទំនងរវាងហ្វីលីពីន និងប្រទេសចិន បែរជាមានភាពល្អក់កករ ។
ទំនាក់ទំនងល្អរវាងហ្វីលីពីន និងអាមេរិក នៅពេលបច្ចុប្បន្ននេះ បានបង្ហាញអោយឃើញថា នយោបាយការបរទេស របស់លោក Rodrigo Duterte ដែលងាកចេញពីអាមេរិក ទៅចាប់ដៃចិន គឺត្រូវទទួលបរាជ័យហើយ ដោយប្រទេសនេះ បានងាកទៅចាប់ដៃអាមេរិកវិញ ។

លោក Rodrigo Duterte បានប្រកាសដោយចំហថា ហ្វីលីពីន នឹងភ្ជាប់ទំនាក់សន្តិសុខ និងចាប់ផ្តើមស្តារទំនុកចិត្ត ជាមួយជាមួយសហរដ្ឋអាមេរិកឡើងវិញ តាមរយៈការទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់មន្ត្រីអាមេរិក មកកាន់ប្រទេសនេះ ។

លោក Rodrigo Duterte បានប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង ភាពជាដៃគូផ្នែកសន្តិសុខ AUKUS ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាសមាជិក រួមទាំងការលក់បច្ចេកវិទ្យា សាងសង់នាវាមុជទឹក អោយប្រទេសអូស្ត្រាលី ។

ផ្ទាំងពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ សមយុទ្ធយោធារួមគ្នា រវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ក៏នឹងត្រូវបានចាប់ផ្តើមឡើងវិញដែរ នៅពេលខាងមុខ ដែលបង្ហាញពីចេតនាយ៉ាងពិតប្រាកដ របស់ហ្វីលីពីន ក្នុងការងាកចេញពីប្រទេសចិន និងចាប់យកសហរដ្ឋអាមេរិក ដូចកាលពីមុន ។

ដើមចមនាំអោយកើតរឿង៖ ដើមចមដែលនាំអោយ ​ប្រធានាធិបតី​របស់ប្រទេសហ្វីលីពីន ម្តងងាកទៅរកចិន និងម្តងងាកទៅរកអាមេរិកវិញ គឺដោយសារប្រធានាធិបតីរូបនេះ មានការខកចិត្ត និងខឹងសម្បាទាំងខាងប្រទេសចិន និងទាំងខាងសហរដ្ឋអាមេរិក ។

លោក Rodrigo Duterte ខឹងនឹងសហរដ្ឋអាមេរិកត្រង់ថា អាមេរិកបានរុញហ្វីលីពីន អោយប្រឈមមុខប្រឆាំងចិន តាមរយៈការធ្វើសមយុទ្ធយោធា ឬសកម្មភាពយោធាផ្សេងទៀត ដែលជាប្រយោជន៍ នៃឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិក ។

ហ្វីលីពីន រងចាំបើកទ្វារអោយសហរដ្ឋអាមេរិក ដាក់បញ្ចូលវត្តមានកងទ័ព ដើម្បីពង្រឹងអំណាចនៅក្នុងតំបន់ ហើយហ្វីលីពីន ត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិរបស់ខ្លួន ដោយមិនមានសមត្ថភាពរឹងមាំ ដោយខ្លួនឯង ។
ទាំងនេះគឺជាមូលហេតុខ្លះៗ ដែលនាំអោយប្រធានាធិបតី របស់ប្រទេសហ្វីលីពីន បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ខាងយោធាជាមួយ សហរដ្ឋអាមេរិក និងងាកបែរទៅចាប់ដៃ ជាមួយប្រទេសចិន ។

ក្នុងដំណើរទស្សនកិច្ចដំបូង ទៅកាន់ប្រទេសចិន ក្រោយពីបានឡើងកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦ លោក Rodrigo Duterte បាននិយាយថា ពេលនេះដល់ពេលដែល ត្រូវជំរាបលាអាមេរិកហើយ (Time to say goodbye USA) ។
ប៉ុន្តែចាប់ពីឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ លោក Rodrigo Duterte បានបង្វែរគោលនយោបាយ ការបរទេសរបស់ខ្លួន ដោយងាកទៅចាប់ដៃ ជាមួយសហរដ្ឋអាមេរិកវិញ និងលែងមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដូចមុនទៀតហើយ ។

មូលហេតុដែលនាំអោយហ្វីលីពីន ងាកចេញពីប្រទេសចិន និងទៅចាប់ដៃជាមួយ សហរដ្ឋអាមេរិកវិញ គឺដោយសារលោក Rodrigo Duterte អាក់អន់ចិត្ត និងខឹងសម្បារជាមួយចិន ដែលចិនមិនបានធ្វើតាម ការចង់បានរបស់ខ្លួន ។

លោក Rodrigo Duterte ស្រមៃថា ខណៈដែលហ្វីលីពីន មានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសចិន ហ្វីលីពីន នឹងមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាជាក់លាក់ជាមួយចិន ស្តីពីការចែករំលែកដោយស្មើភាព នូវផលប្រយោជន៍ ក្នុងសមុទ្រចិនខាងត្បូង ។
ផ្ទុយទៅវិញ រហូតដល់ពេលបច្ចុប្បន្ននេះ ហ្វីលីពីន មិនមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណាមួយ ជាមួយប្រទេសចិនទេ ហើយប្រទេសចិន បានយកផលប្រយោជន៍ នៅសមុទ្រចិនខាងត្បូងតែម្នាក់ឯង ដោយមិនបានចែករំលែក ដោយស្មើភាព ជាមួយហ្វីលីពីននោះទេ ។

ប្រទេសចិនមិនត្រឹមតែ មិនចែករំលែកធនធានធម្មជាតិ នៅសមុទ្រចិនខាងត្បូង ជាមួយហ្វីលីពីនទេ ចិនថែមទាំងបញ្ជូននាវាចម្បាំង ប្រមាណជាង២០០គ្រឿង ទៅកាន់ដែនទឹកជម្លោះ ជាមួយហ្វីលីពីន និងមិនអនុញ្ញាតអោយហ្វីលីពីន នេសាទថែមទៀត ។

ខាងលើនេះ ជាហេតុផលដែលនាំអោយប្រធានាធិបតី របស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានសម្រេចចិត្តងាកចេញ ពីប្រទេសចិន និងទៅចាប់ដៃជាមួយ សហរដ្ឋអាមេរិក ដែលជាមិត្តចាស់ អស់រយៈជាង៧០ឆ្នាំកន្លងមក ៕
អ៊ី ជិន

To Top