ព័ត៌មានជាតិ

លោក ឃួង ស្រេង ទទួលជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជាផ្លូវការ

ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់សេចក្តីទុកចិត្ត តែងតាំងលោក ឃួង ស្រេង ពីអនុប្រធានគណៈកម្មាធិកាគណបក្ស រាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការបក្សរាជធានី ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ពិធីប្រកាសតែងតាំងនេះ លោក ឃួង ស្រេង ក្នុងឱកាសនោះបានសម្ដែង នូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាលគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ឱកាស ការគាំទ្រនិងជំនឿទុកចិត្ត ចំពោះរូបលោក តាមរយៈការសម្រេច តែងតាំងជាបន្តបន្ទាប់ ក្នុងរចនាសម្ព័ន្ធដឹកនាំ គណបក្សមូលដ្ឋាន ដែលសុទ្ធសឹងតែជាតួនាទីស្នូល ជាពិសេស គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

លោកឃួង ស្រេង ក៏បានធ្វើការប្តេជ្ញាចិត្ត បន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ តាមរយៈការខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បី ការពារ “សន្តិភាព” និងសមិទ្ធផលទាំងឡាយរបស់ ជាតិមាតុភូមិ តាមរយៈការចូលរួម អនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលបានក្លាយជា គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោប្រធានគណបក្ស ។

ផ្ទាំងពាណិជ្ជកម្ម

ប្តេជ្ញាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស សំដៅពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ស្របតាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ” ។ប្តេជ្ញាបន្តអនុវត្តស្មារតី ៧មករា ដើម្បីពូនជ្រុំកម្លាំងគាំទ្រគណបក្ស ឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើ គ្រប់វិស័យ ហើយនៅតែរក្សាបាននូវ “តម្លៃសច្ចធម៌នៅ ក្នុងប្រវត្តិសាស្ត្រ” ដែលគ្មានជនណាម្នាក់ អានុភាព ណាមួយអាចមកបំផ្លាញ ឬ មូលបង្កាច់បានឡើយ។ប្តេជ្ញាបន្តកៀរគរកម្លាំង យុវជនជំនាន់ក្រោយ ឱ្យចូលមក រួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” ដែលធានាបានទាំងគុណភាព និង បរិមាណ តាមរយៈការកសាងអត្តចរិត សីលធម៌ល្អ ថ្លៃថ្នូរ ស្អាតស្អំ និងការបន្តប្រពៃណី ដ៏ល្អផូរផង់របស់គណបក្ស។

ប្តេជ្ញាបន្តបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនានា របស់គណបក្សទៅក្នុងជួរសមាជិក-សមាជិកាគណបក្ស និង យុវជនជំនាន់ក្រោយ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭក ជំនឿជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្ស និង សំដៅកសាងកម្លាំងពិត ដែលហ៊ានការពារផលប្រយោជន៍ គណបក្សនៅគ្រប់កាលៈទេសៈទាំងអស់។ ប្តេជ្ញាបន្តដើរតាមបន្ទាត់ នយោបាយរបស់គណបក្ស ដោយឥតងាករ ជាពិសេសជំរុញការធ្វើកំណែទម្រង់ មុតស្រួចតាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ” និងអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីឈានឆ្ពោះ ទៅរក្សាជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង គ្រប់ការបោះឆ្នោតទាំងអស់ នាពេលខាងមុខ ។

សូមរំលឹកថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានតែងតាំង ដំឡើងឋានៈមន្ត្រីគណបក្ស ដោយបានដំឡើងឋានៈ លោក ឃួង ស្រង ជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស៕

To Top
×