ព័ត៌មានជាតិ

ក្រុមប្រឹក្សា ឃុំ​ សង្កាត់​ និង​គ.ជ.ប ពុំទាន់ទទួលពាក្យបណ្តឹងពាក់ព័ន្ធការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ លោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា ឃុំ-សង្កាត់ និង គ.ជ.ប ពុំទាន់ទទួលពាក្យបណ្តឹងណាមួយទេ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ឌុច សុន បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុង ឃុំ-សង្កាត់ ថ្មី ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់។

លោក បានបញ្ជាក់ថា «ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មកដល់ពេលនេះ»។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ សមាជិក គ.ជ.ប លោក ឌុច សុន ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណបក្សនយោបាយ, សមាគម, អង្គការមិនមែនរដ្ឋាភិបាល, អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ចំពោះដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងទទួលបានលទ្ធផលបណ្តោះអាសន្ន ដូចជា ៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន២៦២.៥៨៥នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន១២៩,១៩៨នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ ចំនួន៩១.៨៩៣ នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុង ឃុំ-សង្កាត់ថ្មី ចំនួន៧៨.១៥៩ នាក់៕

To Top