ព័ត៌មានជាតិ

អាជ្ញាធរ បើកឲ្យប្រើប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ចាប់ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ នៅចំណុចការដ្ឋានសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឱ្យ ប្រើប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤ ខណៈដែលក្រុមការងារ ដំណើរការអ៊ុតកៅស៊ូ ផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុី ទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ក្នុងរយៈពេល ១៤ថ្ងៃ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ដើម្បីសម្រួលការកកស្ទះចរាចរ ក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ ពីមហាវិថីសហព័ន្ឋរុស្សុី ទៅផ្លូវជាតិលេខ ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចរ រយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤ ។

ផ្ទាំងពាណិជ្ជកម្ម

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា សាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន៕

To Top
×