ព័ត៌មានជាតិ

អូស្ដ្រាលី នឹងផ្ដល់វ៉ាក់សាំងជាង ៣លានដូសដល់កម្ពុជា

ភ្នំពេញ ៖ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស ជូនប្រទេសកម្ពុជា ក្នុងនោះ ចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំ២០២១នេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្ដិភាព លោកស្រី ម៉ារីស ផេន បានសម្ដែងនូវក្តីរីករាយចំពោះផ្លែផ្កាដែលទទួលបានពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រី បានបញ្ជាក់ថា «រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូស ដែលក្នុងនោះ ចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ»។

ក្នុងក្របខណ្ឌពហុភាគី រដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ហើយពិតជារីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ។ អូស្ត្រាលី នឹងជួយដល់កម្ពុជាធ្វើយ៉ាងណាឲ្យកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឲ្យទទួលបាននូវភាពជោគជ័យ។

ក្នុងឱកាសនោះ លោកស្រី ម៉ារីស ផេន ក៏បានជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយសង្ខេបអំពីមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា AUKUS។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃរបស់លោកស្រី ម៉ារីស ផេន (Marise Payne) អំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្ដេចតេជោ ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅកាត់ថា Cadi លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលនឹងផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។

សម្ដេចតេជោ ក៏មានសុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី។ ក្នុងក្របខ័ណ្ឌអាស៊ាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្ឃឹមថា អូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ-១៩។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ លោកស្រី ម៉ារីស ផេន (Marise Payne) ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ AUKUS៕

To Top