នយោបាយ

អូស្ត្រាលី តាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី ម៉ារីស ផេន(Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីស ផេន លោក កឹម សុខា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៨ វិច្ឆិកា ថា «ក្រៅពីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ អូស្ត្រាលី-កម្ពុជា លោកស្រី រដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយអូស្ត្រាលីនឹងពិភាក្សា សហការជាមួយប្រទេសប្រជាធិបតេយ្យដទៃទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរលើបញ្ហាទាំងនេះ»។

ផ្ទាំងពាណិជ្ជកម្ម

លោក បានបន្ដថា ក្នុងឱកាសនៃជំនួបនេះ លោកស្រី រដ្ឋមន្ត្រី ក៏បានសម្តែងនូវមនោសញ្ចេតនាដោយក្តីរំភើបរីករាយដែលបានជួបមុខ និងពិភាក្សាជាមួយលោកផ្ទាល់ ដោយកន្លងមក លោកស្រី ធ្លាប់តែបានទទួលតាមរយៈរបាយការណ៍ពីសហការីគាត់។

លើសពីនេះទៀត លោក កឹម សុខា ក៏បានលើកឡើងទៀតថា ប្រទេសអូស្ត្រាលី គឺជាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ប្រកាន់យកនូវលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្សដ៏រឹងមាំ ដែលស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជា និងជាពិសេសជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានចូលរួមផ្តួចផ្តើមនិងជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ការស្វែងរកសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការកសាងប្រទេសកម្ពុជាឡើងវិញ៕

To Top
×