ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បន្តព្រលែង សត្វអណ្តើកសមុទ្រ ២ក្បាលទៀត ចូលសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៨។

សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពេលរៀបចំព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើ មានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

To Top
×