ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស អតីត មន្ត្រីគណបក្ស សង្គ្រោះ ជាតិ ប៉ែន ច័ន្ទសង្រ្គាម ដាក់គុក នៅត្រឹមតែ ១០ខែ ២០ ថ្ងៃ ប៉ុណ្ណោះ ពាក់ពន្ធ័បទល្មើស: ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍

ភ្នំពេញៈ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ២០២១នេះ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការនិយាយញុះញង់ និង អុចអាល អំពីបញ្ហាព្រំដែនកម្ពុជា និង វៀតណាម ដែលមានចេតនាធ្វើឱ្យមហាជន អាចមានការភាន់ច្រឡំ ឬ យល់ខុសទៅនឹង ចំណាត់ការ ឬ ដំណោះស្រាយបញ្ហា ព្រំដែនកម្ពុជា របស់រាជរដ្ឋាភិបាល ប្រព្រឹត្ត កាលអំឡុងខែ សីហាឆ្នាំ ២០២០ នៅក្នុងរាជធានីភ្នំពេញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ តែបានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក១៨ខែ មកត្រឹមតែ ១០ខែ និង ២០ ថ្ងៃ តែប៉ុណ្ណោះ ។ ទោស នៅសេសសល់ ត្រូវព្យួរទាំងអស់។

លោកសេង ស៊ីសុវត្ថា ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ បានថ្លែង អោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរជាគ្រូបង្រៀន និង ជា អតីតមន្ត្រី នៃ អតីតគណបក្សសង្គ្រោះជាតិ។

ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣ លានរៀល ដាក់ចូលថវិកាជាតិ ។

ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទ ញុះញង់ ឲ្យ ប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ និង ត្រូវបានចាប់ខ្លួន កាលពី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០។

តែជនជាប់ចោទបានប្តឹង ជំទាស់នឹងសាលក្រម មកកាន់សាលាឧទ្ធរណ៍ ។

នាពេលសវនាការ កន្លងមក, ជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានឆ្លើយបដិសេធ ចំពោះបទចោទប្រកាន់លើរូបលោកខាងលើ។

ទោះបីជាយ៉ាងណាក្តី,, ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានទទួលស្គាល់ថា នៅថ្ងៃកើតហេតុនោះ, លោកបានចូលរួម ក្នុងការតវ៉ា មួយ នៅខាងតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារសុំអោយដោះលែងលោករ៉ុងឈុន ពី ពន្ធនាគារ។

គាត់និយាយថា នៅពេលនោះ គឺមានក្រុមអ្នកកាសែតបានសម្ផាស និង សាកសួរគាត់ ជុំវិញបញ្ហាព្រំដែនកម្ពុជានិងវៀតណាម និង បញ្ហាសង្គមផ្សេងៗទៀត។

គាត់និយាយថា ពេលនោះ គាត់ក៏បានផ្តល់បទសម្ភាសន៍ និង និយាយរិះគន់ខ្លះៗ ជុំវិញ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះ កិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង, និយាយអំពីបញ្ហាផលិតផល កសិកម្មរបស់វៀតណាម ដែលនាំចូលមកលក់នៅក្នុងទីផ្សារខ្មែរ និង បានប៉ះពាល់ដល់ផលិតផលកសិកម្ម នៅក្នុងស្រុក និង បញ្ហាជំនាញការវៀតណាម ដែលនៅបម្រើការងារ តាមស្ថាប័នរដ្ឋ សំខាន់ៗ រួមទាំង នៅក្នុងស្ថាប័នយោធានិង នគរបាលផងដែរ។

តែគាត់និយាយថា ការនិយាយរបស់គាត់ទាំងនោះ គឺ ជាគ្រាន់តែបញ្ចេញមតិ និង ជាការសម្តែង អំពីកង្វល់ផ្ទាល់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលឈឺឆ្អាលចំពោះសង្គមជាតិ និង ប្រទេសជាតិរបស់ខ្លួន តែប៉ុណ្ណោះ។

គាត់មិនមានចេតនានិយាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ឬ ញុះញង់អោយប្រជាពលរដ្ឋ ប្រឆាំងនឹង អាជ្ញាធរជាតិ ឬ រាជរដ្ឋាភិបាលនោះទេ។

ប៉ែន ច័ន្ទ សង្គ្រាម បានសំណូមពរដល់ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេត្តា សម្រេចទម្លាក់ការចោទប្រកាន់ចំពោះលោក និង ដោះលែងរូបគាត់អោយមានសេរីភាពឡើងវិញ៕

ដោយ រស្មី អាកាស

To Top