នយោបាយ

បទវិភាគ ៖ នយោបាយវ៉ាក់សាំង សម្ដេចតេជោ ជាមរតកប្រវត្តិសាស្រ្តថ្មី មួយទៀត ក្នុងសម័យកាលកូវីដ បានសង្រ្គោះជីវិតពលរដ្ឋ ក៏ដោយសារជំរើស ដ៏ត្រឹមត្រូវយកចិន ជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង

ពលរដ្ឋកម្ពុជា កំពុងបង្ហាញស្នាមញញឹម ជាមួយការ បើកប្រទេសជាថ្មី ស្រមតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកប្រទេសពេញ លេញទ្បើងវិញ កាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ដើម្បីស្ដារសេដ្ឋកិច្ចសង្គមកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ អស់រយៈពេលជិត ២ឆ្នាំ កន្លងទៅ ហើយកម្ពុជា ស្ថិតនៅក្នុងចំណោម ប្រទេសមួយ នៅតំបន់អាស៊ីអាគ្នេហ៍ និងលើពិភពលោក ដែលផ្ដើមចាកចេញពីវិបត្តិកូវីដជាបណ្ដើរៗ ព្រមទាំងជាប្រទេសទេសចរណ៍ សុវត្ថិភាពថែមទៀតផង ។

បន្ទាប់ពីការ ប្រថុយ សាកល្បងក្នុងការបើកទេសចរផ្ទៃ ក្នុងអំទ្បុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលឃើញថា កម្ពុជាពុំមានករណី ឆ្លងកូវីដ១៩ផ្ទុះទ្បើងជាថ្មី នោះបានផ្ដល់លទ្ធភាព ដល់រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចកម្ពុជា តាមរយៈការបើកប្រទេសទ្បើងវិញ តាមវិស័យជំហានៗដំបូងគេ គឺវិស័យអប់រំនិងវិស័យទេសចរណ៍ ព្រមទាំងបើកទទួលទេសចរវ៉ាក់សាំង ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២១ តទៅក្នុងការទាញយកភ្ញៀវ បរទេសមកកម្សាន្ត និងទស្សនកិច្ចនៅប្រទេសកម្ពុជា ។

ការបើកសេដ្ឋកិច្ច សង្គមជាថ្មីនេះ តាមបែបគន្លងប្រក្រតីភាពថ្មីនេះ ដែលអាចធ្វើទៅបាន គឺដោយសារពលរដ្ឋ បានស្ម័គ្រចិត្ត ទទួលយកការចាក់វ៉ាក់សាំង ស្ទើរតែគ្រប់ៗគ្នា រួមទាំងកុមារ ផងដែរ បន្ថែមលើសពីនេះកម្ពុជា កំពុងដើរឈានទៅមុខមួយជំហានទៀត គឺចាក់ដូសជំរុញបន្ថែមទៀត ដល់ប្រជាជន ខណៈដែលវ៉ាក់សាំងកម្ពុជា មាននៅក្នុងឃ្លាំងគ្រប់គ្រាន់ ក៏មិនខ្វះខាតដើម្បីត្រៀម តាមផែនការ ចាក់ស្រោចដូសជំរុញនេះដែរ ។

ភាពឈ្លាសវៃ និងប៉ុនប្រសព្វ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកនយោបាយ និងការទូតដែលបានដាក់ចេញ នូវយុទ្ធសាស្រ្តយកចិន ជាបង្អែកដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀត ជាប្រភពគាំទ្រ ដែលជាហេតុធ្វើឪ្យបរទេសមួយចំនួនថាកម្ពុជាអ្វីក៏ទៅពឹងចិន ទាំងប្រទេសទាំងនោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ ផ្ដល់វ៉ាក់សាំងដល់ កម្ពុជាដូចប្រទេសចិនទ្បើយ ។ ត្រង់ប្រការនេះ ក៏ត្រូវបានសម្ដេចតេជោថ្លែងថា ៖ ប្រសិនបើមិនអោយកម្ពុជា ពឹងចិនតើអោយកម្ពុជា ពឹងប្រទេសណា តើប្រទេសណាដែលអាចមានលទ្ធភាព ផ្ដល់វ៉ាក់សាំងដល់កម្ពុជា ទាន់សភាពការណ៍ ដូចប្រទេសចិនទៅ? មិត្តភាពដែកថែប បានរួមគ្នាតស៊ូ ប្រឆាំងពីជ្រោះមរណៈកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព ដោយមិត្តចិន ធ្លាប់បានអះអាងប្ដេជ្ញាចិត្តថា ដរាបណាកូវីដ១៩ នៅកម្ពុជាមិនរលត់ទេនោះចិន នៅតែបន្តរួមដៃ ជាមួយកម្ពុជា ប្រយុទ្ធប្រឆាំង ក្នុងការផ្ដល់ប្រភពគាំទ្រ ពីក្រោយកម្ពុជាជានិច្ច ។

ការរួមប្រឆាំងកូវីដ១៩នេះក៏ជាគំរូ ដល់បណ្តាប្រទេសនានា នៅលើពិភពលោកក្នុងការដឹកនាំគ្រប់គ្រង ប្រឆាំងរហូតទទួលបានសម្មទិផល ជាប្រវត្តិសាស្រ្ត នៅក្នុងបរិបទ ជំងឺកូវីដ១៩នេះ ។ បើទោះបីបណ្ដាប្រទេសនានា លើពិភពលោករងផល ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏ប៉ុន្តែ សេដ្ឋកិច្ច របស់ប្រទេសចិន នៅតែអាចឈរជើងយ៉ាងរឹងមាំបាន ហើយភាពរីកធំធាត់របស់ប្រទេសចិន ក៏មិនអាចមើលរំលង ក្នុងការចែករំលែកដល់ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេស ក្នុងតំបន់និងលើពិភពលោកដែរ នៅតែបន្តពង្រីកិច្ចសហប្រតិបត្តិការល្អ ក្នុងការស្ដារសេដ្ឋកិច្ចសង្គមក្នុងការ រស់នៅរបស់ប្រជាជន និងចំណងមិត្តភាពលើគ្រប់វិស័យ ។

បើនិយាយអំពីមោទកភាព នៃការគ្រប់គ្រង និងប្រយុទ្ធសមរភូមិកូវីដ ១៩នេះ បណ្ដាប្រទេសនានារួមទាំងមិត្តចិន ក៏បានកើតសរសើរនិងវាយតម្លៃខ្ពស់ ចំណោះសមិទ្ធិផល របស់កម្ពុជា សម្រេចបានក្នុងពេលនេះ វាជារឿងដ៏មហិមា នៃផែនការ យុទ្ធសាស្រ្តជាតិ របស់សម្ដេចតេជោ ដែលអាចយកឈ្នះជំងឺ កាចសហាវ ស្របពេលដែលប្រទេសមហា អំណាចមួយ ចំនួន បានបរាជ័យក្នុងការប្រយុទ្ធជំងឺកូវីដ ដែលបានបណ្ដាលអោយពលរដ្ឋ ជាច្រើនបានស្លាប់ ដោយពុំបានចាក់ វ៉ាក់សាំង ថែមទៀត ខណៈដែលកម្ពុជាប្រទេសតូច តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ជាទិញវ៉ាក់សាំង និងសល់វ៉ាក់សាំងនៅក្នុងឃ្លាំង កំពុងចាក់ជូនពលរដ្ឋ ដូសជម្រុញថែមទៀតនោះ ។

ផ្ទាំងពាណិជ្ជកម្ម

ពលរដ្ឋកម្ពុជាក៏បានយល់កាន់ តែច្បាស់អំពីនយោបាយ វ៉ាក់សាំងនេះ ប្រសិនគ្មានវត្តមានវ៉ាក់សាំង ចិនទេ ម្លេះសមពេលនេះពលរដ្ឋកម្ពុជា មិនតិចទេដែលត្រូវទទួលរងគ្រោះ មហន្តរាយវិបត្តិធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩នោះ ។ សូម្បីតែគេហទំព័រ អន្តរជាតិOur World in Data របស់ចក្រភពអង់គ្លេស កាលពីថ្ងៃ២៤តុលា ក៏បានចេញ របាយការណ៍មួយ ដែលបង្ហាញ ពីល្បឿននៃប្រទេស ដែលបាន ចាក់វ៉ាក់សាំង របស់ខ្លួនដោយបានរកឃើញថា ប្រទេសកម្ពុជាឈរកំពូលតារាងលើគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋ បានច្រើននិងស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រសើរ ក្នុងចំណោមប្រទេសមហាអំណាច មួយចនួនទៀតផង ។

បើទោះបីកម្ពុជា លំបាកយ៉ាងណា ក៏ដោយរាជរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំនះ នូវការលំបាក ដើម្បីស្វែងរកវ៉ាក់សាំងពីបរទេស មកចាក់ជូនពលរដ្ឋទាំងការបញ្ជាទិញ និងតាមរយៈជំនួយក្ដី ការចាក់ជូន ដោយមិនគិតថ្លែពីពលរដ្ឋ សូម្បីតែមួយសេនទ្បើយ ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះកម្ពុជា ចំណាយថវិកាអស់២,៣០០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះចំណាយថវិកា អស់ជាង៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ ។

ការសម្រេចបាននូវចំនួនពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងនេះ ប្រសិនបើគ្មានមិត្តចិនទេម្លេះកម្ពុជា មិនអាចសម្រចបានតាមផែនការ ដែលបានគ្រោងទុកទេ ដែលការពិតនៅតែមិនអាចប្រកែក បានពីការចូលរួមរបស់ប្រទេសចិន ជាបង្អែកយុទ្ធសាស្រ្ត វ៉ាក់សាំងដ៏សំខាន់ រឺឯប្រទេសផ្សេងទៀត ជាប្រភពគាំទ្រ ដែលយើងសម្រេចបាន ល្បឿនលឿន ផែនការចាក់វ៉ាក់សាំង ដល់ពលរដ្ឋរបស់ខ្លួនស្របពេល ដែលប្រទេសមួយចំនួនពុំ អាចមានលទ្ធភាពស្វែង រកវ៉ាក់សាំងដូចកម្ពុជា ដែលនៅតែធ្វើឪ្យអត្រា នៃការចាក់ក្នុង ប្រទេស របស់ខ្លួនមានអត្រាទាប បើទោះបីប្រទេសទំាងនោះមានថវិការគ្រប់គ្រាន់ក្នុងការទិញ វ៉ាក់សាំងក៏ដោយនោះ តែបើគ្មាននយោបាយ ការទូតល្អទេ ក៏ពុំអាចមានវ៉ាក់សាំង ស្ដុកទុកក្នុងឃ្លាំងដូចកម្ពុជាទ្បើយ ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ តាមរយៈអនទ្បាញកាលពីថ្ងៃ២៦តុលា សម្ដេចតេជាហ៊ុន សែនបានថ្លែងថា អស់រយៈពេល២ឆ្នាំកន្លងមកនេះ បានក្លាយជាវិញ្ញាសា សាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំអភិវឌ្ឍទាំងអាស៊ានទាំងមូល ក៏ដូចជាប្រទេសនានា លើពិភពលោកដែរ ។

សម្ដេចបាន ចែករំលែក ពីបទពិសោធន៍ក្នុងការទប់ស្កាត់ ការរាតត្បាតព្រមទាំងដណើរការ ចាក់វ៉ាក់សាំងបានលឿន ប្រកបដោយភាពត្រចះត្រចង់នេះគឺ ដោយសារកម្ពុជា កំណត់យកការចាក់វ៉ាក់សាំងជាវិធានការ យុទ្ធសាស្រ្តគន្លឹៈគួបផ្សំ និងវិធានការ សុខាភិបាលដាក់ចេញ ព្រមទាំងមិនអាចខ្វះបាននោះ គឺការសហការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានទៅទទួលយកវ៉ាក់សាំង តាមគោលការណ៍ ស្ម័គ្រចិត្តនេះឯង ដែលធ្វើអោយកម្ពុជា សម្រេចទៅបានលឿនជាងផែនការ ដែលបានគ្រោងទុក ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ជាទិសដៅទៅមុខបន្តបន្ទាប់គឺ ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមទ្បើងវិញ តាមរយៈលំហូរពាណិជ្ជកម្ម ជំរុញការវិនិយោគ បន្តកិច្ចសហប្រតិបតិ្តការល្អ តាមរយៈការធានាប្រក្រតីភាពជាដើម ។
មិនថានៅក្នុងសមរភូមិប្រយុទ្ធ ដែលមានទ័ពចម្បាំង មិនថាសមរភូមិឥតស្រមោលក៏ដោយ ក៏សម្ដេចតេជោ នៅតែអាចយកឈ្នះលើគូសត្រូវបានជានិច្ច ពលរដ្ឋកម្ពុជាពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលមានមេដឹកនាំឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ដែលអាចដោះស្រាយរាល់វិញ្ញាសារ ចំពោះមុខដោយគ្មានការញញើតដៃទ្បើយ ដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា ។
គ្រប់កាលៈទេសៈរាល់ពេលដែលកម្ពុជា លំបាក គឺខ្មែរអាចធ្វើបានគ្រប់បញ្ហា ដែលកើតទ្បើងរាល់បញ្ហាចំពោះមុខ ស្របតាមទស្សនៈទានមួយ លើកទ្បើងថា <<ខ្មែររួបរួមខ្មែរខ្លាំង ខ្មែររួបរួមខ្មែរឈ្នះ ខ្មែរជឿជាក់ថាអាចធ្វើបាន>>៕ អត្ថបទ៖ សុភ័ក្រ្ត វិទ្យុមិត្តភាពកម្ពជាចិន

To Top