ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ឯកភាពគ្នាលើ៨ចំណុច ក្នុងការទទួល ភ្ញៀវទេសចរ វ៉ាក់សាំង

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ចំនួន៨ចំនុច ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន បានជម្រានជូនលោកឯកអគ្គរាជទូត មីកាមិ ថា កម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុន មកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

លោករដ្ឋមន្ត្រី បានពិភាក្សាបន្ថែមជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថានឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាង កម្ពុជា-ជប៉ុន បន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេស សម្រាប់ការធ្វើដំណើរ របស់ទេសចរជប៉ុន មកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ ក្នុងករណីការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់។

លោក ថោង ខុន ក៏បានជំរុញដល់ការអនុញ្ញាតឲ្យ ប្រតិបត្តិករទេសចរណ៍កម្ពុជា អាចចូលទៅកាន់ ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជា ទទួលបានការចាក់វ៉ាក់សាំង ពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ ក្រៅប្រទេស បានប្រកបដោយសុវត្ថិភាព។

លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖


ទី១៖ ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញស្តីពីការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។


ទី២៖ គាំទ្ររៀបចំការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។


ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានជប៉ុនចូលរួមវេទិកាទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ។


ទី៤៖ គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីពីផ្នែកទាំងនេះ។


ទី៥៖ បន្តគាំទ្រការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញដល់អ្នកជំនាញទេសចរណ៍កម្ពុជា។


ទី៦៖ ស្នើសុំឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍របស់ជប៉ុនលើការរៀបចំព្រឹត្តការណ៍កីឡាដល់កម្ពុជា និងសូមជួយផ្សព្វផ្សាយព្រឹត្តការណ៍កីឡានេះ ដល់ពលរដ្ឋជប៉ុនសម្រាប់ព្រឹត្តការណ៍ SEA Games 2023 នៅកម្ពុជា។


ទី៧៖ ពិនិត្យលើការកិច្ចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឬក្របខណ្ឌការងារកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងកម្ពុជា-ជប៉ុននៅពេលខាងមុខ។ អនុស្សរណៈនេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។


ទី៨៖ បង្កើតក្រុមការងារមួយ រវាងក្រសួងទេសចរណ៍ និងភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានាឆ្ពោះទៅមុខ។

ជាមួយគ្នានោះដែរ លោក ថោង ខុន ក៏បានអញ្ជើញក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មកចូលរួមប្រជុំផ្ទាល់ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងវេទិការទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ៕

To Top