ព័ត៌មានជាតិ

សម្តេចតេជោ ស្នើឲ្យប្រទេសអាស៊ាន បន្តដោះស្រាយបញ្ហា គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងតំបន់អាស៊ាន និងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តាសមាជិក ជាប្រទេសអាស៊ាន ត្រូវបន្តខិតខំដោះស្រាយបញ្ហានេះ តាមរយៈការជំរុញការអនុវត្ត នូវលិខិតុបករណ៍គតិយុត្ត ។

ការអនុវត្តនូវលិខិតុបករណ៍ គតិយុត្តទាំងនោះមានដូចជា៖ ទី១. សេចក្តីណែនាំស្តីពីការ កែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដារ របាយការណ៍របស់អង្គការសហប្រជាជាតិ , ទី២. សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ២០៣០ ដែលកំណត់គោលដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ២០៣០ ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះវិស័យដឹកជញ្ជូនវិញ សម្តេចតេជោបញ្ជាក់ថា បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជាប្រភពចម្បងមួយ នៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ សម្តេចស្នើអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រ ដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់យានយន្តដែល មានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពី ការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរ, ឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿន នៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែង ដល់ពិភពលោកទាំងមូល ៕

To Top
×