ព័ត៌មានជាតិ

ខណៈជិតដល់រដូវការបោះឆ្នោត លោក គង់ គាំ រំលឹកថា សម រង្ស៊ី-កឹម សុខា និងអតីត CNRP ស្ថិតនៅក្រោមច្បាប់ (Video)

ភ្នំពេញ ៖ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ បានថ្លែងថា ករណីលោកសម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអតីតគណបក្សសង្រ្គោះជាតិ(CNRP) ស្ថិតនៅក្រោមច្បាប់ ។ ក្នុងន័យនេះ លោកអាចចង់បញ្ជាក់ថា ភាគីទាំង៣នេះ មិនអាចមានសកម្មភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតបានឡើយ។

លោក គង់ គាំ បានបង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃ១០ វិច្ឆិកា ថា គ្រប់គ្នា នៅចាំថា លោកសម រង្ស៊ី បានលាឈប់ពីប្រធាន និងពីសមាជិកCNRP ព្រោះច្បាប់គណបក្សនយោបាយ មិនឲ្យមានទណ្ឌិត ជាប្រធានគណបក្សបានទេ។ បន្ទាប់មក CNRP ត្រូវប្តូរស្លាកសញ្ញាដែលមានរូបលោកសម រង្ស៊ី ទៀត ហើយនៅទីបញ្ចប់ រូបសញ្ញា CNRP ត្រូវដកចេញបាត់ទាំងស្រុង ក្រោយសាលដីកាតុលាការកំពូលកម្ពុជា រំលាយCNRP ព្រោះលោក កឹម សុខា និងCNRP ជាប់ចោទពីបទសន្ទិដ្ឋិភាព(ក្បត់ជាតិ)។

លោកថា “ដូច្នេះសរុបសេចក្តីទៅ អ្វីៗត្រូវស្ថិតនៅក្រោមច្បាប់ជាបន្តបន្ទាប់ រួចមកហើយ”។

លោករៀបរាប់បន្តថា កន្លងមកថ្នាក់ដឹកនាំអតីត CNRP ជាប់បម្រាមធ្វើនយោបាយ៥ឆ្នាំ ច្រើនជាង២០រូប បានបន្តកន្ទុយគ្នាតាមច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយច្រើននាក់បានបង្កើតគណបក្សនយោបាយថ្មីៗ ដូចជា៖ (១)លោក ប៉ុល ហំម អតីតអនុប្រធាន លោក អ៊ូ ចាន់រ័ត្ន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍CNRP បង្កើតគណបក្សកែទម្រង់កម្ពុជា។ (២)លោក យ៉ែម បុញ្ញរិទ្ធិ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍CNRP ស្និទ្ធលោកន កឹម សុខា ជាងគេ បានបង្កើតគណបក្សកម្ពុជានិយម។ (៣)លោក ជីវ កត្តា លោក កង កឹមហាក់(ប្រើឈ្មោះ កឹម សុខា) បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ (៤)លោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតCNRPដែរ ដែលស្និទ្ធ អេង ឆៃអ៊ាង ជាងស្និទ្ធសម រង្ស៊ី ដំបូងលឺថាអាចដឹកនាំគណបក្សបេះដូងជាតិ តែក្នុងពេលគណបក្សបេះដូងជាតិកំពុងជួបបញ្ហា ស្រាប់តែលឺថា គណបក្សភ្លើងទៀន បានស្វាគមន៍គាត់ ។

លោក គង់ គាំសង្កត់ធ្ងន់ថា “ផ្សែងតែងចេញពីភ្នក់ភ្លើង ចាំមើលដើមភ្លើង ឲ្យចូលរួមការបោះឆ្នោត ឬឲ្យអុកឡុក បំផ្លាញ បដិសេធ ការបោះឆ្នោត ឬយ៉ាងណា” ។

សូមបញ្ជាក់ថា ការថ្លែងរបស់លោក គង់ គាំនេះ ស្របពេលលោក សម រង្ស៊ីនៅតែបង្ហាញក្តីសង្ឃឹមថា ខ្លួនអាចនឹងមានវាសនាចូលមកប្រទេសកំណើតវិញដើម្បីចូលរួមការបោះឆ្នោត ខណៈលោក កឹម សុខា បានប្រកាសលក់វិឡាក្នុងតម្លៃ២លាន៤០ម៉ឺនដុល្លារ ការលក់ផ្ទះវិឡានេះ ត្រូវបានគេដាក់ការសង្ស័យថា លោក កឹម សុខា នឹងយកលុយនេះមកប្រឡូកក្នុងឆាកនយោបាយវិញ ៕

To Top