ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្មជនជាប់ចោទឈ្មោះ សួង នាគព័ន្ធ ដាក់គុក២ឆ្នាំ ដដែលពីបទ« ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២១
បានប្រកាសសាលដីកាកំបាំងមុខ និង បានតម្កល់ទណ្ឌកម្ម របស់ជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការញុះញង់ និង អំពើអុចអាល មហាជន អោយមានការយល់ច្រឡំខុស ឬ ប្រឆាំងនឹង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយទាញភ្ជាប់ទៅនឹងករណីឃាតកម្ម លោកបណ្ឌិត កែម ឡី ប្រព្រឹត្តកាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកសេង ស៊ីវុត្ថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទឈ្មោះ សួង នាគព័ន្ធ ( នៅក្រៅឃុំ, រត់គេចខ្លួន) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ខែ ធ្នូ ឆ្នាំ ២០១៩ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ពីបទ« ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញាតិមាត្រា៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានបន្ថែមថា ក៏ប៉ុន្តែជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ មកកាន់សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ តាមរយៈមេធាវីការពារក្តីរបស់ខ្លួន និង ស្នើសុំទម្លាក់បទចោទប្រកាន់របស់ខ្លួន។

យោងតាមឯកសារតុលាការ,ជនជាប់ចោទសួង នាគព័ន្ធ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ក៏ប៉ុន្តែ ក្រោយមក ត្រូវបានដោះលែង អោយស្ថិតនៅក្រៅឃុំ ជាបណ្តោះ បន្ទាប់ពីគាត់ត្រូវជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស (ម១) អស់់ជាច្រើនខែនោះមក។

បច្ចុប្បន្ននេះ, ឈ្មោះ សួង នាគព័ន្ធ កំពុងតែរស់នៅក្នុង ប្រទេសស្វីស៕

ដោយ ៖ រស្មី អាកាស

To Top