ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាប់ផ្ដើមរៀបចំសន្និសីទសារព័ត៌មានឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ ដោយសារកូវីដ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្អាករៀបចំសន្និសីទសារព័ត៌មាន មួយរយៈដោយសារតែកូវីដ-១៩ ផ្ទុះពេញប្រទេសកម្ពុជា និងសកលលោក។ ការចាប់ផ្ដើមរៀបចំសន្និសីទសារព័ត៌មានឡើងវិញនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរ បន្ទាប់ពីជំងឺកូវីដ-១៩ រៀងធូស្បើយ ។

យោងតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «សន្និសីទនេះ មានគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីចំណុះគន្លឹះសំខាន់ ៗមូលហេតុ និងការកំណត់បន្ទាត់ក្រីក្រតាមវិធីសាស្ដ្រថ្មី និងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សេដ្ឋកិច្ច និងភាពក្រីក្រនៅកម្ពុជា»។

សូមបញ្ជាក់ថា វាគ្មិនកិត្តិយសចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រ ឆ្នាំ២០២០» លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ និងពាក់ព័ន្ធជាច្រើនរូបទៀត៕

To Top