ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសបុរសម្នាក់ ដាក់គុក២ ឆ្នាំ ពីបទ« ប្រមាថអង្គព្រះមហាក្សត្រ និង ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្កល់ ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដែលជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិដាក់គុក កំណត់ ២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជេរប្រមាថព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច តេជោហ៊ុនសែន តាមរយៈការកាត់តរូបភាព និង បង្ហោះតាមសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាម និង កិត្តិយស របស់ព្រះមហាក្សត្រ និង ថ្នាក់ដឹកនាំកំពូលជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។

លោក សេង ស៊ីវុត្ថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទនេះ មានឈ្មោះ លី សុខុម ហៅ ចូច ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកចៅក្រមបានបញ្ជក់ថា ជនជាប់ចោទឈ្មោះ លី សុខុម ត្រូវបានសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ពីបទ«ប្រមាថអង្គ ព្រះមហាក្សត្រ និង ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញាតិមាត្រា ៤៣៧ ស្ទួន មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

តែគាត់ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តកណ្ដាល កាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីគាត់បានកាត់តរូបភាព របស់ព្រះមហាក្សត្រ និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះហ្វេសប៊ុក និង បានសរសេរអក្សរជាភាសាខ្មែរ ដែលមានខ្លឹមសារថា ” នេះគឺជាសម្ដេចចោរម្សៀត និង អាមេដឹកនាំឆ្កែ ហើយទាំងអស់នេះ គឺជាពួកឆ្កែតាមស៊ីអាចម៍អាសែន។

” អាមេដឹកនាំកំណើតឆ្កែ “។ ” អាស្តេចមុខឆ្កែ ស្តេចក្បាលម៉ែវាអី អាចុយម្រាយនេះ អាឆ្កែបំបង់បាយខ្មែរ អាចិត្តឆ្កែ តិរច្ឆាន ធ្វើស្តេចដើម្បីបម្រើចោរយួន”។

គួររំលឹកថា នាពេលសវនាការកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១, ជនជាប់ចោទឈ្មោះ លី សុខុម បានឆ្លើយបដិសេធចំពោះការចោទខាងលើ និង និយាយថា គាត់មិនបានសរសេរ ឬ បង្ហោះរូបថតរបស់ថ្នាក់ដឹកនាំជសតិ កំពូល ឬ សរសេរខ្លឹមសារ ដូចខាងលើនោះទេ។

ឈ្មោះ លី សុខុម និយាយ ថា អាខោនហ្វេសប៊ុករបស់គាត់ត្រូវបានគេហែក និង គ្រប់គ្រងដោយ ជនអនាមិក នៅពេលនោះ៕

ដោយ ៖ រស្មី អាកាស

To Top